ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការខកខានមិនបានចុះបញ្ជីឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន គឺជាឧបបាយកលរបស់មេដឹកនាំខ្លួន នៅក្រៅប្រទេស រួមផ្សំជាមួយបរទេសខ្លះ ក្នុងន័យចង់ តិះតៀនរាជរដ្ឋាភិបាលកម្ពុជា។
គណបក្សភ្លើងទៀន ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធកាលពីថ្ងៃ១៥ ឧសភា ហើយដោយមិនអស់ចិត្តបក្សក៏ប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នចុងក្រោយ ក៏បានបដិសេធនិងបិទផ្លូវតវ៉ាទៀតផងដែរ ក្នុងការចុះបញ្ជីឈ្មោះបោះឆ្នោតជ្រើរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
ចេញពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃ២៦ ឧសភា សម្ដេចតេជោមានប្រសាសន៍ថា «ខ្ញុំគិតថា ជាឧបាយកលរបស់អ្នកណាមួយដែលធ្វើឲ្យបាត់(ឯកសារដើមរបស់បក្សភ្លើងទៀន) វាមិនដែលអាណាបាត់សំបុត្របញ្ជីជាតិនោះទេ ហើយវាមានតែមេដឹកនាំសំខាន់ៗហ្នឹង។ គោលដៅរបស់គេគឺចង់ឲ្យការប្រឈមជាមួយនឹងបរទេសខ្លះ ស្រលាញ់ពួកគេនោះតិះតៀនរដ្ឋាភិបាលកម្ពុជា» ។
សម្ដេចបន្ថែមថា «ឥឡូវបើសិនជាអ្នកទាំងហ្នឹងនៅក្នុងស្រុក ខ្ញុំថាដាក់ប៉ូលីសឆែកម៉ង ច្បាស់នឹងរកឃើញឥឡូវហ្នឹង វាគ្មានបាត់ទៅណាទេ ប៉ុន្តែវាលាក់ ។ វាមានគោលដៅនយោបាយរបស់វាជាក់លាក់»។
សម្ដេចបន្តថា «មិនមែនអ្នកនៅទីក្រុភ្នំពេញទេ ខ្ញុំសុំទោសអ្នកនៅទីក្រុងភ្នំពេញគឺព្រោះអានេះចុះបញ្ជីតាំងពី ១៩៩៥ -១៩៩៦ តាំងពីជាតិខ្មែរ អីណាមកនោះ ដូច្នេះអ្នកនៅភ្នំពេញខ្លះ គេចូលក្រោយតើ»។
ក្នុងករណីនេះ សម្ដេចតេជោអះអាងថា ក្នុងប្រទេសមានបុគ្គលម្នាក់ ជាមនុស្សរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ដែលអាងអីធ្វើបាតុកម្ម។
សម្ដេចបញ្ជាក់ថា «សុំទោសស្ដារនីតិសម្បទា មិនទាន់រួចផង ចង់ចូលទៀតឬអី បើចង់ចូលទៀតកំដរលេងបានតើ មានអី»៕