ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ មានតែអ្នកប្រឹងប្រែងរកសន្តិភាព ទើបជាអ្នកការពារ សន្តិភាពពិតប្រាកដ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា មានតែអ្នកប្រឹងប្រឹងរកសន្ដិភាព ទើបជាអ្នកការពារសន្ដិភាព ព្រោះរក្សាសន្តិភាពឱ្យបាន ទើបមានការអភិវឌ្ឍន៍។

នាឱកាសអញ្ជើញសំណេះសំណាលជាមួយ កម្មករ និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់កម្មករ និយោជិត ទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបាន។

សម្ដេចតេជោ លើកឡើងថា «ខ្ញុំ អំពាវនាវក្មួយទាំងអស់ និងអ្នកទាំងអស់គ្នានៅទីនេះ ចូលរួមរក្សាសន្ដិភាពឱ្យខាងតែបាន លើការជាក់ស្ដែង យើងបាននិងកំពុងស្ថិតនៅទីនេះ ដោយសារស្អី? គឺដោយសារសន្ដិភាព មិនមែនដោយសារកើតសង្គ្រាមទេ ពេលប្រទេសកើតសង្គ្រាមដីធ្លី និងអ្វីៗត្រូវបំផ្លិចបំផ្លាញ ប៉ុន្ដែឥឡូវយើងបានសាងសង់ឡើងវិញ»។

សម្ដេចតេជោ បន្ដថា «អ្នកទាំងអស់គ្នាបានដឹងហើយថា អ្នកស្វែងរកសន្ដិភាព គឺអ្នកការពារសន្ដិភាព អ្នកដែលគេមិនបានស្វែងរក គេខិតខំយ៉ាងម៉េច ឱ្យអស្ថេរភាពក្នុងប្រទេស»។

សូមរំលឹកថា សន្តិភាព និងស្ថេរភាពសង្គម បានផ្តល់អត្ថប្រយោជន៍ ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋជាច្រើន ដូចជា៖ ប្រទេសជាតិ បានអភិវឌ្ឍទៅឆាប់រហ័ស មានហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ សាលារៀនជាដើម ផ្តល់ឱកាសវិនិយោគគ្រប់ទីកន្លែង បង្កើនប្រាក់បៀរវត្សមន្ត្រីរាជការគ្រប់ប្រភេទ រស់នៅក្នុងជីវភាពសមរម្យមួយ និងទទួលបានការអប់រំប្រកបដោយនិរន្តរភាព៕

To Top