ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល និងលៀងសាយភោជន៍របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។
លោកបណ្ឌិត លើកឡើងថា រាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាដៃគូយ៉ាងសំខាន់ដែលត្រូវធ្វើការជាមួយគ្នា និងសហការគ្នាយ៉ាងស្អិតរមួត ដោយមិនអាចខ្វះភាគីណាមួយបាននោះឡើយ ដោយហេតុថា វិស័យឯកជនគឺជាសរសៃឈាមនៃដង្ហើមសេដ្ឋកិច្ចជាតិ។ ដើម្បីសម្រេចបាននូវគុណតម្លៃរួមតែមួយ និងជោគវាសនារួមគ្នាក្នុងបុព្វហេតុជាតិមាតុភូមិ, រាជរដ្ឋាភិបាល និងវិស័យឯកជន ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះ “រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ” ដែលជាការសកម្មភាពយ៉ាងប្រទាក់ក្រឡារវាងតួអង្គទាំងពីរ ដើម្បីធានាបាននូវការប្រកួតប្រជែងលើឆាកអន្តរជាតិ និងការចាប់យកទីផ្សារ ដែលនឹងជួយដល់ការលូតលាស់នៃសេដ្ឋកិច្ចជាតិ ជាពិសេសការឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់។ ឈរលើគោលដៅរួមគ្នានេះ, រាជរដ្ឋាភិបាល បានបន្តប្តេជ្ញាធានាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សំដៅធ្វើយ៉ាងណាបង្កើតបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍរីកចម្រើននៃវិស័យឯកជន ដូចដែលបានអនុវត្តកន្លងមក និងដោយខិតខំធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នឹងមិនរុញរាឡើយក្នុងការផ្តល់នូវសិទ្ធិ ដោយភ្ជាប់ជាមួយនឹងការទទួលខុសត្រូវ ជូនដល់វិស័យឯកជន ហើយវិស័យឯកជនខ្លួនឯង ចាំបាច់ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសការប្រកាន់ខ្ជាប់នូវផ្នត់គំនិតបោះជំហានដើររួមគ្នាដោយម៉ឺងម៉ាត់ច្បាស់លាស់ និងឆ្ពោះទៅគោលដៅតែមួយ គឺ “ខ្មែរធ្វើបាន”។
លោក ម៉ាណែត សូមចូលរួមអបអរសាទរចំពោះទំនាក់ទំនងយ៉ាងល្អប្រសើររវាងសហគ្រិនយុវជនវ័យក្មេងរបស់កម្ពុជា ដែលបានចងក្រងគ្នាបណ្តាញ និងបានរួមគ្នាកសាងសហគមន៍ធុរកិច្ច ដើម្បីជំរុញមុខជំនួញរបស់ខ្លួនផង និងបានបង្កើតឱកាសការងារគ្រប់កម្រិត និងជំនាញសម្រាប់ប្រជាជនកម្ពុជាជាច្រើនពាន់ម៉ឺននាក់។ ក្នុងត្រឹមរយៈពេល ១៤ ឆ្នាំ ប៉ុណ្ណោះ, សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានពង្រីកសមាជិកកើនដល់ ៥៤៦នាក់ មកពីវិស័យផ្សេងៗគ្នា និងមានការបង្កើតសាខានៅតាមបណ្តារាជធានី-ខេត្តជាបន្តបន្ទាប់។ ទាំងពិតជាបានបម្រើឱ្យការពង្រឹង និងពង្រីកសក្តានុពលនៃអាជីវកម្មផង និងជាពិសេសក៏បានរួមគ្នាដោះស្រាយនូវបញ្ហាប្រឈម ដើម្បីការពារផលប្រយោជន៍របស់សហគ្រិន រួមទាំងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាធុរកិច្ចថ្មី ដែលជាដៃគូយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការរួមដំណើរបោះជំហានឆ្ពោះទៅរកវិបុលភាពនិងការអភិវឌ្ឍ ដែលផ្តោតទៅលើការបែងចែកផលលាភប្រកបដោយសមធម៌សម្រាប់ប្រជាជនគ្រប់ៗគ្នា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។
លោកបន្តថា ដើម្បីគាំទ្រ និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាធុរកិច្ចថ្មីៗ, រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រនានា ព្រមទាំងអនុវត្តកំណែទម្រង់គន្លឹះមួយចំនួន ដូចជា៖ ទី១. ការបង្កើតបរិយាកាសអំណោយផល និងការប្រកួតប្រជែងដោយស្មើភាព, ទី២. ការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន តាមរយៈការផ្តល់ធនធានដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ទី៣. ការលើកទឹកចិត្តផ្នែកសារពើពន្ធដល់សហគ្រានធុនតូច និងមធ្យម ក៏ដូចជាធុរកិច្ចថ្មី, ទី៤. ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រួមមាន ផ្លូវ, ស្ពាន, ថ្នល់ និងអាកាសយានដ្ឋានកម្រិតជាតិ និងអន្តរជាតិ ជាពិសេសផ្លូវល្បឿនលឿន និងគម្រោងព្រែកជីកហ្វូណនតេជោ, ទី៥. ការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងទី៦. ការកំណត់យកការអភិវឌ្ឍធុរកិច្ចថ្មីៗ ជាអាទិភាពនៃការអភិវឌ្ឍវិស័យឯកជន។
លោកបណ្ឌិត រំលេចថា កម្ពុជាជាប្រទេសតូច ដូច្នេះដើម្បីពង្រឹងវិស័យឯកជនឱ្យខ្លាំង គឺត្រូវពឹងអាស្រ័យលើកត្តាមួយចំនួន ជាអាទិ៍៖ ទី១. អ្នកប្រើប្រាស់ទូទៅត្រូវគាំទ្រដល់ផលិតផលក្នុងស្រុក ស្របតាមយុទ្ធនាការ “គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ”, ទី២. វិស័យធុរកិច្ចអាចប្រដូចទៅនឹងវិស័យកងទ័ព ពីព្រោះវិស័យទាំងពីរនេះទាមទារនូវការកំណត់គោលដៅរួម, ផែនការយុទ្ធសាស្ត្រ, ការគ្រប់គ្រងហានិភ័យ, ការបែងចែកធនធាន, និងការដឹកនាំប្រកបដោយភាពរស់រវើក និងម៉ឺងម៉ាត់។ ដូច្នេះ “សហគ្រិនក៏ជាកងទ័ព ដែលត្រូវអនុវត្តភារកិច្ចដោយផ្អែកលើអន្តរទំនាក់ទំនង, ឆន្ទៈមោះមុត, ការប្តេជ្ញាចិត្តខ្ពស់ និងការហ៊ានប្រឈមមុខដាច់ខាតឥតរុញរានៅក្នុងគ្រប់កាលៈទេសៈនៃដំណើរការអាជីវកម្ម”, ទី៣. សហគមន៍ធុរកិច្ច រួមទាំងសហគ្រិនវ័យក្មេងកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមក្នុងការងារសង្គម រួមទាំងកិច្ចការពារបរិស្ថាន ដោយអនុលោមតាមគោលការណ៍នៃទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន-សហគ្រាស (CSR)៕