ព័ត៌មានជាតិ

អង្គការ AHF ៖ សុខភាពពេលមករដូវ ត្រូវតែចាត់ទុកជាអាទិភាពចម្បង នៅទូទាំងពិភពលោក

ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវីធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) បានឱ្យដឹងថា សុខភាពពេលមករដូវ ត្រូវតែចាត់ទុកជាអាទិភាពចម្បង នៅទូទាំងពិភពលោក ដូច្នេះនាំគ្នាបញ្ឈប់ការរើសអើងការមករដូវ។

ក្នុងទិវាសុខភាពពេលមករដូវ ដែលបានរៀបចំឡើង នៅគ្លីនិក បង្ការ ព្យាបាល និងថែទាំបន្ត NCHADS-AHF នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៧ លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង បានគូសបញ្ជាក់ថា «សុខភាពពេលមករដូវ ត្រូវតែចាត់ទុកជាអាទិភាពចម្បងនៅទូទាំងពិភពលោក ជាពិសេសនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប»។

លោកស្រី បន្ដថា អ្នកមករដូវនៅប្រទេសទាំងនេះ ភាគច្រើនប្រឈមមុខនឹងហានិភ័យក្នុងការទុកចោលមិនអើពើដោយសារ កង្វះខាតផ្នែកសុខភាព និងសុវត្ថិភាពអំឡុង ពេលមករដូវរបស់ខ្លួន។ ដូច្នេះគឺដល់ពេលហើយដើម្បី បញ្ឈប់ការរើសអើងលើការមករដូវ ព្រមទាំងធានាបានថា ផលិតផលនិងសម្ភារ:សុវត្ថិភាពសម្រាប់ប្រើប្រាស់ពេលមករដូវ អាចងាយស្រួលរកបានសម្រាប់មនុស្សគ្រប់គ្នា ដោយមិនមានភាពខ្មាសអៀន ឬការរើសអើងឡើយ។

នាឱកាសនោះ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានលើកឡើងថា ការអប់រំអំពីការមករដូវពិតជាអាចផ្លាស់ប្តូរអ្វីៗបានគ្រប់យ៉ាង វាគឺជារឿងមិនអាចទទួលយកបានទេប្រសិនបើមនុស្សទទួលរងការមើលងាយ មិនរាប់រក និងរើសអើងដោយគ្រាន់តែពួកគេមានការមករដូវដែលជាមុខងារនៃរាងកាយពីធម្មជាតិតែប៉ុណ្ណោះ។

លោក បន្ថែមថា ប្រហែលមួយភាគបួននៃចំនួនប្រជាជនពិភពលោកគឺមានការមករដូវ ប៉ុន្តែប្រជាជនចំនួន ៥០០លាននាក់នឹងអាចប្រឈមមុខនឹងកង្វះលទ្ធភាពក្នុងការទទួលបាននូវផលិតផលសុខភាព និងសម្ភារ:សុវត្ថិភាពប្រកបដោយអនាម័យពេលមករដូវ ក៏ដូចជាការទទួលស្គាល់ពីសហគមន៍។ ឧបសគ្គទាំងនេះហើយដែលជាមូលហេតុនាំឱ្យពួកគេមានសុខភាពទ្រុឌទ្រោម រួចបោះបង់ចោលសាលារៀន ឬការងាររហូតដល់ ២០% និងមានផលប៉ះពាល់អវិជ្ជមានលើសុខភាពផ្លូវចិត្តទៀតផង។

សូមរំលឹកថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានរៀបចំពិធីអបអរទិវានេះរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមធានបទ «បញ្ឈប់ការរើសអើង» ដែលបានរៀបចំឡើងនៅទីតាំងផ្សេងៗ និងគ្លីនិក បង្ការ ព្យាបាល និងថែទាំបន្ត NCHADS-AHF ខណ្ឌទួលគោក ជាមួយនឹងការចែកជូននូវសំឡីអនាម័យចំនួន ៣ ២០០កញ្ចប់ ដើម្បីជាការអបអរដល់ទិវាសុខភាពពេលមករដូវជាសកល ដែលប្រារព្ធឡើងនៅថ្ងៃទី២៨ ខែឧសភា ជារៀងរាល់ឆ្នាំ៕

To Top