ភ្នំពេញ ៖ សមាជិកមូលនិធិស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ចំនួន២៩៩នាក់ ទទួលបានអាវភ្លៀង មី និង ថវិកា របស់សម្តេចតេជោហ៊ុន សែ ននាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសមូលនិធិ ត្រីចក្រយានកម្ពុជា(ស៊ីក្លូ) ដើម្បីជួយសម្រួលការលំបាក ខណៈរដូវវស្សាបានឈានមកដល់ ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិត្រីចក្រយានកម្ពុជា បានប្រគល់ជូនសមាជិកទាំង២៩៩នាក់ នារសៀលថ្ងៃ២៨ ឧសភានៅសាលារាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោក ម៉េត មាសភក្តី បានលើកឡើងថា សម្តេចតេជោតែងតែក្រើនរំលឹកឲ្យលោក ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែសុខទុក្ខសមាជិកអ្នកធាក់ស៊ីក្លូ ។ ជាក់ស្តែងនៅពេលនេះ ពួកគាត់ទាំង២៩៩នាក់បានទទួលអាវភ្លៀង មី និងថវិកា របស់សម្តេចតេជោ បន្ថែមពីលើការឧបត្ថមប្រចាំខែរបស់ពួកគាត់ ។ អំណោយទាំងនេះ ក្នុងម្នាក់ៗទទួលបានអាវភ្លៀង១ ថវិកាចំនួន៥ម៉ឺនរៀល និងមី១កេស ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងបន្ថែមថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងចំពោះសមាជិកមូលនិធិស៊ីក្លូ ពោលឲ្យតែមានពិធីបុណ្យជាតិធំៗ សម្តេចតែងបានផ្តល់អំណោយជូនពួកគាត់ជានិច្ច។ ក្រៅពីនេះ អ្នកធាក់ស៊ីក្លូទាំង២៩៩នាក់ ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែ ចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបាន៣ដង ក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនបណ្ណ ប.ស.ស. ដើម្បីអាចទៅព្យាបាលជំងឺ ដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋនានា ។ បន្ថែមពីនេះទៀត ក្នុងអំឡុងពេលកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជំងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ទេ តែនៅបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល ជូនពួកគាត់ថែមទៀត។
គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើង តាំងពីថ្ងៃទី១៨ មករា ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោហ៊ុន សែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើត តាំងពីសម័យអនានិគមនិយមបារាំងមកម្លេះ៕





