ភ្នំពេញ ៖ សម្រាប់លេខ១៨ ជាតំណាងឲ្យក្តីសង្ឃឹមចំពោះអនាគតដ៏រុងរឿង របស់កម្ពុជានេះ គឺជាការលើកឡើង របស់លោក ហ៊ុន ម៉ានី កូនប្រុសពៅ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្រោយគណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី១៨ សម្រាប់ការបោះឆ្នោត ។

ក្នុងការកំណត់ យកលេខរៀង សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ លើកទី៧ របស់កម្ពុជា នាថ្ងៃ២៣ កក្កដា ខាងមុខ គឺគណបក្ស ប្រជាជនកម្ពុជា បានស្ថិតនៅលេខរៀងទី១៨ ក្នុងចំណោមគណបក្ស ទាំង១៨ សម្រាប់ការចុះឈ្មោះប្រកួតប្រជែង ដណ្តើមសន្លឹកឆ្នោត ដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣បានរៀបចំចាប់ឆ្នោត យកលេខរៀង គណបក្សនយោបាយ។
ក្រោយចាប់បានលោក ហ៊ុន ម៉ានី តាមរយៈបណ្តាញហ្វេសប៊ុកបានអបអរសាទរ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលទទួលបានលេខរៀងទី ១៨ ។ លោកថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា លេខរៀងទី ១៨ នឹងនាំមកនូវជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ។ លេខ ១៨ តំណាងឲ្យក្តីសង្ឃឹម ចំពោះអនាគតដ៏រុងរឿង របស់ព្រះរាជាណាចក្រកម្ពុជា” ៕
