ព័ត៌មានជាតិ

លោក នេត សាវឿន ៖ កងកម្លាំង ត្រូវការពារសុវត្ថិភាពឲ្យបាន ក្នុងព្រឹត្តិការណ៍កីឡាជនពិការ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានណែនាំដល់កងកម្លាំង សមត្ថកិច្ចទាំងអស់ ត្រូវការពារសុវត្ថិភាព ឲ្យបានាជាដាច់ខាត នូវព្រឹត្តិការណ៍ប្រកួតកីឡា​ជនពិការ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ អគ្គស្នងការនគរបាលជាតិ។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការឧបសម្ព័ន្ធការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាជនពិការ (ASEAN PARA GAMES ) លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា «កងកម្លាំងសមត្ថកិច្ច គ្រប់ស្ថាប័នទាំងអស់ ត្រូវតែរួមគ្នាដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ឲ្យបានជាដាច់ខាត នូវព្រឹត្តិការណ៍ ប្រកួតកីឡាជនពិការ (ASEAN PARA GAMES ) លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ហើយសង្ឃឹមថា កម្លាំងគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ របស់យើងសហការគ្នាកាន់តែល្អ កាន់តែរឹងមាំ ជាពិសេសក្លាយជាកម្លាំងមួយដ៏រឹងមាំ របស់រាជរដ្ឋាភិបាល»។

លោកសង្កត់ធ្ងន់ថា ការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ព្រឹត្តការណ៍កីឡាស៊ីហ្គេម ទទួលបានជោគជ័យទាំងស្រុង ក្នុងពេលកន្លងមកបានបង្ហាញ ពីមោទនភាពជាតិ ប្រជាប្រិយភាព និងបានបង្ហាញកម្លាំងពិត របស់រាជរដ្ឋាភិបាលកម្ពុជាលើឆាកអន្តរជាតិ។ ទន្ទឹមនោះ ក៏បានលើកស្ទូយនូវកិត្តិយស និងកិត្យានុភាពជាតិទាំងមូលទាំងក្នុងតំបន់ និងអន្តរជាតិ ។

លោកក៏បានឡើងពីភាពជោគជ័យ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ។ ជាមួយនឹងភាពជោគជ័យនេះ នាយឧត្តមសេនីយ៍ក៏បានលើកយកបទពិសោធន៍ និងបញ្ហាប្រឈមមួយចំនួនយកមករួមគ្នាពិនិត្យដោះស្រាយ ដើម្បីធ្វើឲ្យកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាហ្គេម លើកទី១២ រឹតតែទទួលបានភាព ជោគជ័យបន្ថែមទៀត។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ពីការយកចិត្តទុកដាក់ត្រៀមកម្លាំងអន្ដរាគមន៍ ការដាក់បន្ថែមកម្លាំងនូវគោលដៅដែលបារម្ភ ជាពិសេសពង្រឹង ឲ្យបានជាដាច់ខាតនូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ទប់ស្កាត់អំពើល្មើសផ្សេងៗ រួមទាំងការរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់ចរាចរណ៍ ជៀសវាងការកកស្ទះធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់ប្រជាពលរដ្ឋ។ ដោយឡែកសម្រាប់ពិធីបើក-បិទព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេម និងទីតាំងប្រកួត ត្រូវតែធានាឲ្យបានដាច់ខាតនូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍ទាំងមូល ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៥ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាជនពិការ (ASEAN PARA GAMES ) លើកទី១២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ ASEAN PARA GAMES ចាប់ផ្តើមពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕

To Top