ព័ត៌មានជាតិ

សម្ដេចតេជោ ៖ គណបក្សប្រជាជនកម្ពុជា បានលេខរៀង១៨ គឺជាលេខហុងស៊ុយល្អ ងាយចំណាំ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀង១៨ សម្រាប់ឈរឈ្មោះប្រកួតប្រជែង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខ គឺជាលេខហុងស៊ុយល្អ ហើយងាយស្រួលចំណាំផងដែរ ។

នាឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្ត ស្វាយពពែ សង្កាត់ទន្លេបាសាក់ នាព្រឹកថ្ងៃ៣០ ឧសភា សម្ដេចតេជោមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រនាពេលខាងមុខ អ្វីដែលសំខាន់នោះ គឺអាស្រ័យទៅលើប្រជាពលរដ្ឋជ្រើសរើសដោយខ្លួនឯង ក្នុងការគូសសន្លឹកឆ្នោតដែលខ្លួនពេញចិត្ត។

ប៉ុន្តែសម្តេចថា សម្រាប់គណបក្សប្រជាជនកម្ពុជាដែលស្ថិតនៅលេខរៀងទី១៨ ជាលេខចុងក្រោយគេ ក្នុងចំណោមទាំង១៨គណបក្ស ដែលទទួលស្គាល់ដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ពិតជាលេខហុងស៊ុយល្អ និងងាយស្រួលចំណាំណាស់ ។

«ឥឡូវបានលេខ១៨ សម្ដេចសង្ឃទៅចាប់ឆ្នោតស្រាប់ហើយ មិនមែនចាប់បានលេខ១ ឬលេខ២ អីទេ គឺចាប់ចំលេខ១៨ ហើយលេខ១៨ បូក១ ចេញ៩ ហុងស៊ុយ។ ស្រួលរកណាស់ ប្រាប់គ្នាថាលេខ១៨ហ្នឹង នៅខាងស្ដាំដៃ នៅចុងក្រោយគេ កន្លែងនឹងហើយ ទេវតាបាចផ្កា ស្រួលរកណាស់»។ នេះជាប្រសាសន៍បន្ថែមរបស់សម្តេច។

សូមរំលឹកថា នៅថ្ងៃ២៩ ឧសភា គណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនេះ ត្រូវបានរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមព្រះវត្តមានសម្តេចសង្ឃរាជទាំងពីរគណៈ ព្រមទាំង មានការចូលរួមពីសំណាក់តំណាងគណបក្សនយោបាយ ទាំង១៨ ដែលបានចុះបញ្ជីនៅ គ.ជ.ប រួចរាល់ ។ ការទទួលលេខរៀងទី១៨នេះ ក៏មិនខុសគ្នាការបោះឆ្នោត នាឆ្នាំ២០១៨ផងដែរ ដោយពេលនោះគណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី២០ ដែលស្ថិតនៅចុងក្រោយគេ ៕

To Top