ភ្នំពេញ៖ ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ នឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ខណៈរសៀលថ្ងៃទី៣០ ឧសភានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី តាមបែបសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ។
សូមបញ្ជាក់ជាថ្មីថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរ ជាបណ្ដោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងជុំវិញ ទីតាំងប្រារព្ធពិធី ដោយចាប់ពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ រហូតដល់កម្មវិធីត្រូវបានបញ្ចប់ ។
គួរឲ្យដឹងថា ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប មានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើង មានទទឹង ១,២៥ម៉ែត្រសងខាង, កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ ។
សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន ៤, គន្លងខ្សែយានយន្ត ទទឹង៣.៧៥ម៉ែត្រ , គន្លងធ្វើចរាចរ២ខ្សែទៅ និង២ខ្សែ មក , កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ , កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅ រដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ ស្លាកសញ្ញាចរាចរ ។
ស្ពាននេះសាងសង់ដោយក្រុមហ៊ុន OOOCIC ដោយប្រើរយៈពេលវេលា ២៨ខែ ។
ស្ពានបេតុងខ្សែកាបនេះ បានបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ ។
ដោយឡែកសម្រាប់ស្ពានអាកាសឫស្សីកែវ បានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ដោយហោះ នៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅ ចន្លោះស្ពានបេតុង ឆ្លងកាត់ទន្លេសាបថ្មីនេះ ដោយប្រើប្រាស់ រយៈពេលសាងសង់ចំនួន១៥ខែ៕