ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងឲ្យដឹងថា អ្វីក៏ដោយក៏ត្រូវការរស់ក្រោមសន្ដិភាពទាំងអស់ ព្រោះសូម្បីតែពួកអ្នកប្រឆាំង ក៏ត្រូវសន្ដិភាពដែរ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោគូសបញ្ជាក់ថា «ខ្ញុំ នៅតែបញ្ជាក់ថា កីឡារស់នៅក្រោមសន្ដិភាព ប៉ុន្ដែខ្ញុំ នៅតែបញ្ជាក់ថា ស្អីក៏ដោយរស់ក្រោមសន្ដិភាពទាំងអស់ សូម្បីពួកអ្នកប្រឆាំងដែលចង់ធ្វើឃាតខ្ញុំ ក៏វាត្រូវការសន្ដិភាពដែរ»។
នាឱកាសនោះ សម្តេចតេជោ បានកោតសរសើរកិច្ចខិតសំប្រឹងប្រែង និងវិធីសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត ឬយករាជធានីភ្នំពេញចិញ្ចឹមរាជធានីភ្នំពេញ ដែលធ្វើឲ្យរាជធានីភ្នំពេញមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃជាលំដាប់។
សម្ដេចតេជោបន្ដថា រាជធានីភ្នំពេញកំពុងដើរលើផ្លូវ ដ៏ត្រឹមត្រូវមួយលើការអភិវឌ្ឍក្រោមគោលនយោបាយ និងយុទ្ធសាស្រ្ដ «ស្លឹកត្នោតខ្ចប់ស្ករត្នោត» ដោយយកធនធានផ្ទាល់នៅទីនេះដើម្បីអភិវឌ្ឍន៍ឡើងវិញ និងកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ៕