ភ្នំពេញ ៖ បន្ថែមពីលើប្រសាសន៍ដើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាផ្ទាល់ នា ព្រឹកថ្ងៃ៣១ ឧសភា ក្នុងឱកាសសម្ពោធជាផ្លូវការស្ពាន២កន្លែងជាប់គ្នានៅខណ្ឌឬស្ស៊ីកែវនិយាយពីលោក ឆាំ ឆានីនោះ នៅមុននេះបន្តិច សម្តេចក៏បានបញ្ចេញសារជាសំឡេងរបស់បុគ្គលឆាំ ឆានីជាង៦នាទី អំពីយុទ្ធនាការប្រឆាំងទៅនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលសំដៅមកវាយប្រហារសម្តេច ។
បើតាមបណ្តាញតេឡេក្រាមនាមុននេះបន្តិច សម្តេចបានច្រានចោលទាំងស្រុងអំពីការលើកឡើងរបស់ឆាំ ឆានី ដូចតទៅ៖ “ខ្ញុំចង់ឲ្យបងប្អូនបានស្តាប់នូវការណែនាំរបស់ពួកក្បត់ជាតិនៅក្រៅប្រទេសក្នុងយុទ្ធនាការតាមហ្វេសបុកវាយសំដៅមកលើខ្ញុំ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ល្បិចបំបែកបំបាក់និងភាពពិសពុលរបស់ក្រុមនេះ នឹងបង្កើតបាននូវផលអាក្រក់សម្រាប់ក្រុមគេនៅក្នុងប្រទេស ។ នេះជាផែនការរបស់អាក្បត់ជាតិ៣ជំនាន់ដែលម៉ាឡេស៊ីទើបបណ្តេញចេញពីប្រទេសមុននេះបន្តិច” ។
សម្តេចថា “ផ្តាំទៅឆានីថា សម្តេច ស ខេង ជាឧបនាយករដ្ឋមន្ត្រី។ លិខិតបញ្ជាក់នោះត្រូវបានសុំយោបល់ខ្ញុំជានាយករដ្ឋមន្ត្រី ហើយនេះជាសមត្ថកិច្ចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯការទទួលស្គាល់ឬមិនទទួលស្គាល់វាជារឿងរបស់គ.ជ.ប។ បើពួកអស់លោកល្ងង់ និងគិតតែបោកប្រាស់មួលបង្កាច់បែបនេះ តើពេលណាទើបមានសេចក្តីសុខ”៕
ស្ដាប់សំឡេងរបស់ ឆាំ ឆានី៖