ភ្នំពេញ ៖ ខណៈការប្រកួតកីឡាប៉ារ៉ាហ្គេម (កីឡាជនពិការ) ដែលកម្ពុជាធ្វើម្ចាស់ផ្ទះកាន់ខិតជិត មកដល់ប៉ុន្មានថ្ងៃទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យប្រជាពលរដ្ឋយកចិត្ត ទុកដាក់និងគាំទ្រកីឡាជនពិការនេះ ដើម្បីជាការលើកទឹកចិត្ត ដ៏ធំមួយសម្រាប់ពិការភាព។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃ៣១ ឧសភា សម្ដេចតេជោបញ្ជាក់ថា «សូមឲ្យបងប្អូនយើងទាំងអស់យកចិត្តទុកដាក់គាំទ្រ កីឡាពិការដែលជាការលើកទឹកចិត្ត ដ៏ធំមួយសម្រាប់ពិការភាព»។
សម្តេចលើកឡើង បែបនេះ ខណៈក្រុមកីឡាករប៉ារ៉ាហ្គេមរបស់ហ្វីលីពីនបានមកដល់កម្ពុជា កាលពីយប់ម៉ោង១កន្លះចូលថ្ងៃ៣១ ឧសភា ហើយក្រុមកីឡាករ ឥណ្ឌូនេស៊ី នឹងមកដល់ថ្ងៃ៣១ឧសភានេះ ។ សម្តេចបានស្នើឲ្យមាន ការទទួលភ្ញៀវ ឬគណៈប្រតិភូកីឡាទាំងអស់ឲ្យបានល្អ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតស៊ីហ្គេមលើកទី៣២កន្លងមកបានទទួលលទ្ធផលល្អ។
សម្តេចបញ្ជាក់ «យើងនៅសល់កីឡាប៉ារ៉ាហ្គេម (កីឡាជនពិការ)យើងត្រូវធ្វើឲ្យល្អទៀត ហើយការបើក និងបិទគឺធ្វើមិនឲ្យចាញ់ស៊ីហ្គេមនោះទេ ទាំងផ្នែកបាញ់កាំជ្រូច (បើអាចបន្ថែមកំាជ្រូចលើសពីស៊ីហ្គេម)។ យើងលើកទឹកចិត្តជនពិការយើង ហើយលើកទឹកចិត្តជនពិបាកនៅក្របខណ្ឌអាស៊ាន ហើយឲ្យពួកគេខិតខំប្រឹងប្រែងឡើយ»។
សម្តេចក៏បានលើកឡើងថា ជនពិការគ្រាន់តែជាពិការតែរាង្គកាយនោះទេ មិនមែនពិការចិត្ត ដូច្នេះត្រូវជំរុញ និងលើកទឹកចិត្តដល់ពួកគាត់។ ជាងនេះទៀតក៏ជាការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនក្នុងក្របខណ្ឌអាស៊ាន ហើយក៏ជាផ្នែកមួយនៃការធ្វើសមាហរណកម្មអាស៊ានផងដែរ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានស្នើសុំប្រជាពលរដ្ឋបន្តការយោគយល់ ចំពោះការបិទចរាចរណ៍មួយ រយៈពេលក្បួនរបស់កីឡាករធ្វើដំណើរ ឆ្លងកាត់ទៅកាន់ទីកន្លែងប្រកួតផងដែរ។
សម្តេចក៏បានស្នើឲ្យបណ្តាខេត្តនានា រៀបចំស្លាយឲ្យប្រជាពលរដ្ឋមើលផងដែរ ពិសេសនៅពេលថ្ងៃបើកនិងបិទព្រិត្តិការណ៍ប៉ារ៉ាហ្គេម។ សម្តេចក៏បានលើកឡើងថា សម្តេចនិងភរិយានឹងអញ្ជើញទៅបើក ព្រឹត្តិការណ៍ប៉ារ៉ាហ្គេម ផងដែរ៕