ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៨នាក់ ក្រោយប្លន់អ្នកលក់មាស នៅផ្សារស្ទឹងមានជ័យ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៨នាក់ ពាក់ព័ន្ធនឹងករណី ប្លន់អ្នកលក់មាស នៅផ្សារស្ទឹងមានជ័យ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ច ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបាន ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ឧសភា នេះ ថា បន្ទាប់ពីធ្វើការស្រាវជ្រាវ នៅថ្ងៃទី២៧-៣០ ឧសភា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យចំនួន ៨ នាក់ ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ,ខេត្តកណ្តាល,ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ។ ពាក់ព័ន្ធករណីខាងលើ ចាប់យកវត្ថុតាងអាវុធខ្លីជាមធ្យោបាយធ្វើសកម្មភាព និងភស្តុតាងជាគ្រឿង អលង្ការមួយចំនួន របស់ជនរងគ្រោះបញ្ជូន មកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធីបន្ដ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មានករណី ប្លន់យកកាបូបស្ពាយ មានមាសចំនួន១២តម្លឹង, ផ្លាកទីនទឹក៣ និងទឹក៧ ចំនួន១០០តម្លឹងជាង និងប្រាក់ចំនួន១ លានរៀលជាង នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជន សង្ស័យចំនួន ៥នាក់ ជិះម៉ូតូចំនួន២គ្រឿង និងរ៉ឺម៉កម៉ូតូចំនួន១គ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន៤ដើម ពីជនរងគ្រោះកំពុងដើរ ស្ពាយកាបូបស្ពាយ ពណ៌ខ្មៅ បានសម្រេចរួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់៕

To Top