ភ្នំពេញ៖ លោមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួម ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ។

លោកបណ្ឌិត សូមចូលរួមអនុមោទនា ត្រេកអរ ចំពោះព្រះវិហារថ្មី និងសមិទ្ធផលជាច្រើនក្នុងវត្តមុនីរង្សី ហៅវត្តថ្មី ដែលត្រូវបានសម្ពោធឆ្លងនាពេលនេះ ក្រោមម្លប់នៃសុខសន្តិភាព និងស្នាមញញឹមរីករាយ របស់ព្រះចៅអធិការ, ព្រះតេជគុណព្រះសង្ឃ, គណៈកម្មការ-អាចារ្យវត្ត និងពុទ្ធបរិស័ទ ជិតឆ្ងាយ។ ក្នុងពេលដំណាលគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏កំពុងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាបដំបូងដែលឆ្លងកាត់ទន្លេសាប នៅរាជធានីភ្នំពេញ ហើយថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត ក៏កំពុងសម្ពោធសមិទ្ធផលផ្សេងៗទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ប្រជាជន ជាពិសេសការខិតខំកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យចរន្តសេដ្ឋកិច្ចជាតិ និង ការបង្កលក្ខណៈគ្រប់បែបយ៉ាងដល់សេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ រួមទាំងសិទ្ធិសេរីភាពផ្នែកជំនឿសាសនាផងដែរ។

ជាមួយគ្នានេះ លោក សូមថ្លែង អំណរគុណចំពោះបងប្អូន អ៊ំពូមីង និងលោកយាយលោកតា ទាំងអស់ ដែលបានសម្រេចចិត្តចាប់យកឱកាស និងចូលរួមគាំទ្រ រាជរដ្ឋាភិបាល ក្នុងការបន្តដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើន ជាពិសេសបែងចែកផ្លែផ្កា ប្រកបដោយសមធម៌។ ឈរលើមូលដ្ឋាននេះ សូមចងចាំថា ខ្មែរយើងរួមគ្នា ខ្មែរយើងខ្លាំង ហើយយើងនឹងអាចអភិវឌ្ឍប្រទេសជាតិ ឱ្យបានកាន់តែរឹងមាំ ជាពិសេសការថែរក្សា បាននូវសុខសន្តិភាព ស្ថិរភាពដែលជាលំនឹង យ៉ាងសំខាន់របស់សង្គមជាតិទាំងលើមាគ៌ាដឹកនាំ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ។ ខ្មែររួមគ្នា ទើបយើងអាចមានសន្តិភាព និងមិនមានការបែកបាក់ ។ ខ្មែររួមគ្នា គឺមិនចូលរួមធ្វើសកម្មភាពអវិជ្ជមាន ដែលប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងដំណើរការនៃការអភិវឌ្ឍជាតិ ។

លោក ម៉ាណែត បន្តថា តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា មានជំហរ និងបុព្វហេតុច្បាស់លាស់ គឺ បម្រើជាតិ និងប្រជាជន ឥតងាករេដាច់ខាត។ គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រកាន់ខ្ជាប់នូវជំហរ ៣ យ៉ាង ដែលជាមូលដ្ឋាន សម្រាប់ដឹកនាំប្រទេសបន្តទៅមុខ ៖ ទី១. ជំហររឹងមាំក្នុងការដឹកនាំ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនគ្រប់កាលៈទេសៈ និងការប្តេជ្ញាថែរក្សា សុខសន្តិភាព ស្ថិរភាពទោះក្នុង តម្លៃណាក៏ដោយ, ទី២. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តដឹកនាំគណបក្ស និងនាវាកម្ពុជាឆ្ពោះទៅរកការរីកចម្រើន រុងរឿងបន្ថែមទៀត និងទី៣. ការបន្តថែរក្សានូវ សាមគ្គីឯកភាពល្អជានិច្ច សម្រាប់ថ្នាក់ដឹកនាំបច្ចុប្បន្ន និងអនាគត ដោយតម្កល់ផល ប្រយោជន៍ជាតិជាគោល ហើយបន្តអនុវត្តតាមគោលនយោបាយ របស់គណបក្សជាប់ជានិច្ច ៕





















