ភ្នំពេញ៖ បើតាមការផ្សព្វផ្សាយពី ស្ថានទូតចិនប្រចាំកម្ពុជានាថ្ងៃ១ មិថុនានេះ គឺរដ្ឋបាលគយនៃប្រទេសចិន បានធ្វើបច្ចុប្បន្នភាពអំពី “ព័ត៌មានចុះបញ្ជីក្រុមហ៊ុន ផលិតអាហារនាំចូលពីបរទេស” ។
ក្នុងនោះក្រុមហ៊ុននាំចេញ ផលិតផលជលផលធម្មជាតិដំបូងគេ នៅកម្ពុជាបានបញ្ចប់ការត្រួតពិនិត្យ និងត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយ ហើយក្រុមហ៊ុនខាងលើបានចុះបញ្ជី ដោយជោគជ័យនៅក្នុងប្រព័ន្ធ “ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិត អាហារនាំចូលពីបរទេស”។
រហូតមកដល់បច្ចុប្បន្ននេះ ផលិតផលជលផលធម្មជាតិ នៅក្នុងកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយ គេបង្អស់ក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចសម្រេចបាននូវការនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន។
ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាត និងចុះបញ្ជីនាំចេញផលិតផលជលផលធម្មជាតិ ទៅកាន់ប្រទេសចិនគឺ ក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation ដែលអាចនាំចេញផលិតផល ជលផលធម្មជាតិសំខាន់ៗចំនួន ១២ប្រភេទមានដូចជា បង្គា ត្រី អន្ទង់ និងខ្យងជាដើម។
គួរឲ្យដឹងថា នាខែវិច្ឆិកាឆ្នាំ២០២២ ចិននិងកម្ពុជាបានចុះហត្ថលេខា រួមគ្នាលើពិធីសារស្តីពីលក្ខខណ្ឌ តម្រូវការត្រួតពិនិត្យ និងអនាម័យផលិតផលជលផលធម្មជាតិ ក្នុងការនាំចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ។ នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុននាំចេញដែលពាក់ព័ន្ធ នៅក្នុងប្រទេសកម្ពុជាបានបញ្ចប់ ការចុះបញ្ជីនៅក្នុងប្រព័ន្ធ “ព័ត៌មានចុះបញ្ជីក្រុមហ៊ុន ផលិតអាហារនាំចូលពីបរទេស” របស់រដ្ឋបាលគយនៃប្រទេសចិន។ ផលិតផលជលផលធម្មជាតិ បានក្លាយជាផលិតផលប្រភេទទី២ នៃវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ៕