ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមយុវជន សេដ្ឋកិច្ចកម្ពុជា បានកៀរគរសមាជិករាប់ម៉ឺននាក់ ចូលរួមគាំទ្រ និងអនុវត្តតាមគោលនយោបាយ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី។
ការប្រកាសគាំទ្រនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងអនុប្រធាន អគ្គលេខាធិការ សមាជិកនៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។
លោក ឡី សុភាព បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងសមាជិក/សមាជិក នៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា រាប់ម៉ឺននាក់ បានប្រកាសចូលរួមគាំទ្រ គោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដោយហេតុឃើញសមិទ្ធផលសេដ្ឋកិច្ច/សង្គមជាច្រើនក្នុងពេលបច្ចុប្បន្ន ដោយរាជរដ្ឋាភិបាលបានខិតខំស្រោចស្រង់អភិវឌ្ឍសេដ្ឋកិច្ចជាតិ ចាប់ពីចំណុចសូន្យនៅឆ្នាំ១៩៧៩ ដៃម្ខាងទប់របបខ្មែរក្រហម កុំឱ្យត្រឡប់មកធ្វើបានប្រជាជនវិញ ដៃម្ខាងខិតខំស្វែងរក/ការពារសន្តិភាព កសាងជាតិ ខណៈដែលកាលណោះ ក៏មានការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីអន្តរជាតិថែមទៀតផង។ ប៉ុន្តែដោយសារការដឹកនាំឈ្លាសវៃ ការដាក់ចេញនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ទើបធ្វើឱ្យកម្ពុជាមានការរីកចម្រើន មកដល់បច្ចុប្បន្ននេះ ធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនជាលំដាប់។
លោក ឡី សុភាព បានបន្តថា ក្រុមយុវជនសេដ្ឋកិច្ចកម្ពុជាខាងលើពិតជាបានមើលឃើញ និងទទួលស្គាល់នូវកិត្យានុភាពជាតិ ដែលសម្ដេចតេជោ បានកសាងឡើង ក្នុងនោះមានការចូលជាសមាជិក អង្គការពិភពលោកធំៗ ការពង្រឹង/បង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការលើកស្ទួយមុខមាត់ប្រទេសជាតិ ឱ្យលេចធ្លោឡើងលើឆាកអន្តរជាតិ។
ថ្នាក់ដឹកនាំ និងសមាជិក/សមាជិកនៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជាក៏បានប្ដេជ្ញា ចូលរួមអនុវត្តតាមច្បាប់របស់កម្ពុជា ប្រកបអាជីវកម្មដោយសុច្ចរិតភាព និងអនុវត្តតាមគោលនយោបាយសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច/សង្គមកម្ពុជា ឱ្យឈានឡើង។
មិនតែប៉ុណ្ណោះ យុវជនសេដ្ឋកិច្ចកម្ពុជា រាប់ម៉ឺននាក់នេះក៏បានប្ដេជ្ញាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅអាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅអាណត្តិបន្ទាប់ ពោលគឺបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីបន្តការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា៕