ព័ត៌មានជាតិ

លោក ម៉ក់ រ៉េមីស្សា ជ័យលាភី គ្រឿងអស្សរិយយស ថ្នាក់អស្សឬទ្ធិផ្នែកសិល្បៈ និងអក្សរសាស្ត្រ ពីក្រសួងវប្បធម៌បារាំង

ភ្នំពេញ៖ អ្នកថតរូបជើងយូរនៃប្រទេសកម្ពុជា លោក ម៉ក់ រ៉េមីស្សាបានបង្ហាញនូវអារម្មណ៍ជាអនេក​ កាលបើត្រូវបានលោកឯកអគ្គរដ្ឋទូតបារាំង លោក Jacques Pellet បំពាក់មេដាយ អស្សរិយយស ថ្នាក់អស្សឬទ្ធិផ្នែកសិល្បៈ និងអក្សរសាស្ត្រ ពីក្រសួងវប្បធម៌បារាំង នាស្ថានទូតបារាំង នាពេលថ្មីៗនេះ។

លោក ម៉ក់ រ៉េមីស្សា បានថ្លែងថា “ខ្ញុំពិតជាមានមោទនភាពក្រៃលែង ដែលបានទទួលមេដាយ ដ៏មានកិត្តិយសពីក្រសួងវប្បធម៌ នៃប្រទេសបារាំង ដែលបានទទួលស្គាល់និងវាយតំលៃខ្ពស់ ចំពោះស្នាដៃរូបថតរបស់ខ្ញុំ និងរាល់កិច្ចខិតខំប្រឹងប្រែងទាំងឡាយ ដែលទាក់ទងទៅ និងវិស័យសិល្បៈនៃការថតរូប”។

លោក បន្តថា “មេដាយនេះគឺជាសក្ខីភាពមួយ បញ្ជាក់នូវគុណតម្លៃនិងមានអត្ថន័យដ៏ធំធេងចំពោះរូបខ្ញុំ ក្នុងនាមជាសិល្បករម្នាក់នៃប្រទេសកម្ពុជាដែលសាកសមទទួលបាននូវកិត្តិយសដ៏ខ្ពង់ខ្ពស់នេះពីសាធារណរដ្ឋបារាំង។ មេដាយនេះគឺជាការលើកទឹកចិត្តមួយដ៏មានសារសំខាន់ ចំពោះរូបខ្ញុំក៏ដូចជានិមិត្តរូប ដ៏ល្អសម្រាប់ សិល្បករកម្ពុជា”។

មិនតែប៉ុណ្ណោះ លោក ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតចំពោះ ក្រសួងវប្បធម៌នៃសាធារណរដ្ឋបារាំង សម្រាប់ការទទួលស្គាល់ និងលើកទឹកចិត្តចំពោះរូបលោក។

លោក ក៏សូមឧទិ្ទសមេដាយដ៏មានកិត្តិយសនេះ ជូនចំពោះជនរួមជាតិកម្ពុជាទាំងមូលផងដែរ និងដឹងគុណជូនចំពោះលោកគ្រូ Thierry Diwo ដែលបានបង្រៀនលោក អោយចេះថតរូប ជាលើកដំបូងនៅអំឡុងឆ្នាំ១៩៩៣-១៩៩៦, លោកគ្រូ Christian Caujolle បង្រៀន អោយចេះបង្កើតស្នាដៃរូបថត និងលោកគ្រូ Eddie Bissell បង្រៀន អោយចេះថតរូបសារពត៌មាន។

លោកឯកអគ្គរដ្ឋទូតបារាំង Jacques Pellet  បានបំពាក់គ្រឿងឥស្សរិយយសដល់សិល្បករថតរូបខ្មែរ លោក ម៉ក់ រ៉េមីស្សា ដែលស្នាដៃរបស់គាត់ ត្រូវបានទទួលស្គាល់ជាឯកច្ឆន្ទលើឆាកអន្តរជាតិ។

មេដាយសិល្បៈ និងអក្សរសាស្រ្ត ថ្នាក់អស្សប្ញទ្ធិនេះ គឺជាការឧទ្ទិសដល់ការងារថតរូបរយៈពេល២៥ឆ្នាំ ប្រកបដោយគុណភាពខ្ពស់ និងមានលក្ខណៈសិល្បៈដ៏ល្អកម្រមាន ព្រមទាំងឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា៕

To Top