ព័ត៌មានជាតិ

សម្ភោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានា នៅវត្តស្តៅលើ ស្រុកកងមាស

កំពង់ចាម ៖ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភា ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២ ខែមិថុនាឆ្នាំ ២០២៣ នេះបានអញ្ជើញចូលរួមពិធីបុណ្យឆ្លងពុទ្ធាភិសេក ឆ្លងសាលាធម្មសភា និងសម្ពោធសមិទ្ធផលនានា នៅវត្តបទុមមុនីវ័ន ហៅវត្តស្ដៅលើ ស្ថិតក្នុងឃុំស្ដៅ ស្រុកកងមាស ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា ថ្ងៃនេះពិតជាមានសមិទ្ធផលជាច្រើន នៅក្នុងវត្តស្ដៅលើ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដែលសមិទ្ធផលទាំងអស់នេះ ត្រូវបានចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ សប្បុរសជនជិតឆ្ងាយ ជាពិសេសគឺប្រជាពលរដ្ឋពុទ្ធបរិស័ទរបស់យើង ដែលមានជំនឿជឿជាក់មកលើព្រះចៅអធិការ ដែលដឹកនាំវត្តនេះ ដែលធ្វើឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា កត្តាសុខសន្តិភាពបានធ្វើឲ្យមានការរីកចម្រើនទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ពីព្រោះ ដោយសារប្រទេសជាតិមានសុខសន្តិភាពនេះហើយ ទើបធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ មានឱកាសបង្កើតអាជីវកម្មផ្សេងៗ ប្រកបមុខរបរចិញ្ចឹមជីវិត ឬក៏បម្រើការងារផ្សេងៗ ទទួលបានចំណូល នឹងអាចសន្សំសំចៃ ដើម្បីបានថវិកាចូលជាបច្ច័យកសាងនៅទីអារាមនានា ទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ។

នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានមិនប្រសាសន៍ផងដែរថា សមិទ្ធផល ដែលត្រូវសម្ពោធថ្ងៃនេះ គ្រាន់តែជាសមិទ្ធផលមួយ នៅក្នុងចំណោមសមិទ្ធិផល ជាច្រើនសន្ធឹកសន្ធាប់ ដែលកើតចេញមកពីការកសាងរបស់រដ្ឋាភិបាល និងសប្បុរសជននានា ។

នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានមានប្រសាសន៍បន្តថា បច្ចុប្បន្នប្រទេសកម្ពុជារបស់យើង ប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលលទ្ធិនេះ បានបញ្ជៀសនូវសង្គ្រាម និងរៀបចំឲ្យមានការបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំប្រទេស ។ ដូច្នេះសន្លឹកឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋ ១ សន្លឹកពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់អាយុជីវិតរបស់យើង សម្រាប់សេដ្ឋកិច្ចរបស់យើង សម្រាប់សុខសន្តិភាពទូទាំងប្រទេស ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រៀមឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមបោះឆ្នោតទាំងអស់គ្នា នៅក្នុង ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ៕

To Top