ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា អ្នកនយោបាយរបស់ថៃម្នាក់ ទើបជាប់ឆ្នោតថ្មី បានប្រកាសគំរាមបណ្តេញពលករខ្មែរ និងឡាវចេញពីប្រទេសថៃនោះ គឺជានយោបាយមិនទទួលបានការគាំទ្រ ពីប្រទេសជិតខាង ដូចជាប្រទេសកម្ពុជា និងឡាវនោះទេ ។
ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែនបែបនេះធ្វើឡើងបន្ទាប់ពី អ្នកនយោបាយរបស់ថៃម្នាក់ ដែលទើបឈ្នះឆ្នោត និងមិនទាន់បានធ្វើជានាយករដ្ឋមន្ត្រីថៃផង បែរជាមកប្រកាសគំរាមបណ្ដេញពលករខ្មែរ និងឡាវចេញពីប្រទេសរបស់ខ្លួន ។
ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន ស្ថិតក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល នាថ្ងៃទី៣ មិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយសង្កត់ធ្ងន់ថា «ខ្ញុំគ្រាន់តែយករឿងមួយ តែសូមឲ្យតាមដានដោយមានការយកចិត្តទុកដាក់ ក្នុងអនុសាសន៍ទី១០ ទាក់ទងពលករនៅក្រៅប្រទេស មិនទាន់បានអីផងនៅក្នុងប្រទេសថៃ បានគំរាមបណ្ដេញចេញ នូវពលករខ្មែរ និងពលករឡាវ ទៅហើយ ខ្ញុំគ្រាន់តែផ្ដាំទៅថា អ្នកឈ្នះឆ្នោតនៅថៃ ខ្ញុំមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ្នកទេ ក៏ប៉ុន្តែសង្ឃឹមថា អ្នកនឹងមើលឲ្យឆ្ងាយជាងពីប្រទេសថៃ» ។
សម្ដេចតេជោ បន្តថាអ្នកជាអ្នកឈ្នះឆ្នោត ក៏ប៉ុន្តែមិនប្រាកដថាអ្នកក្លាយទៅជានាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាលបានទេ ប៉ុន្តែអ្នកបានដាក់ចេញនយោបាយមួយ ដែលវាបង្កនូវគ្រោះថ្នាក់មិនមែនគ្រាន់តែសេដ្ឋកិច្ច ឬគ្រាន់តែពលករខ្មែរ និងឡាវទេ តែវាខូចខាតដល់សហគ្រាសរបស់ថៃ ដែលកំពុងប្រើប្រាស់ពលករមកពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាផងដែរ ។ សម្ដេចថា យើងត្រូវតាមដានឲ្យម៉ត់ចត់ ដើម្បីធានាដល់ពលកររបស់យើង ធ្វើការក្នុងប្រទេសថៃ ដែលរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អ៊ូចា បានបង្កលក្ខណៈពីកម្មករមិនស្របច្បាប់ ឲ្យទៅជាកម្មករស្របច្បាប់ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «ប៉ុន្តែឥឡូវនេះអ្នកឈ្នះគេត្រូវការសំឡេង រហូតទៅដល់៣៧៦សំឡេង តើបបង្កើតរដ្ឋាភិបាលបាន ប៉ុន្តែនេះមានតែ ១៥១សំឡេង គឺមិនទាន់បានធ្វើអីផង គម្រាមបណ្ដេញកម្មករកម្ពុជា និងឡាវចេញទៅហើយ ចឹងទេខ្ញុំគិតថា ប្រហែលជានយោបាយនេះ គឺមិនទទួលបានការគាំទ្រពីប្រទេសជិតខាង ដូចជាប្រទេសកម្ពុជា និងឡាវនោះទេ» ។
សម្ដេចតេជោបន្ថែមថា កម្ពុជាក៏មិនមានអ្វីទេ តែគ្រាន់តែផ្ដាំផ្ញើថា គួរប្រុងប្រយ័ត្ន សម្ដេចមិនប្រដៅអ្នកនយោបាយថៃទេ ។ សម្ដេចថា កម្ពុជាបានតាមដានដោយយកចិត្តទុកដាក់ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសគេទេ ក៏ប៉ុន្តែវាប៉ះពាល់ដល់កម្មករ កម្មការិនីរបស់យើង ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ៕