ភ្នំពេញ៖ កម្ពុជា-ចិន នឹងពង្រឹងស្មារតីសាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការពារជាតិ ឱ្យកាន់តែប្រសើរឡើង ថែមមួយកម្រិតទៀត។ ការឱ្យដឹងនេះធ្វើឡើង ក្នុងជំនួបទ្វេភាគី របស់ប្រមុខការពារជាតិនៃប្រទេសទាំងពីរ នៅលើទឹកដីសឹង្ហបុរី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល សន្តិសុខអាស៊ី លើកទី២០ នៅប្រទេសសិង្ហបុរី។

នៅលើបណ្ដាញសង្គមហ្វេប៊ុក សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា «ក្នុងជំនួបពិភាក្សារវាងខ្ញុំជាមួយឯកឧត្តម រដ្ឋមន្រ្តីក្រសួងការពារជាតិចិន នៅប្រទេសសិង្ហបុរីនាថ្ងៃនេះ នឹងពង្រឹងស្មារតីសាមគ្គីភាព មិត្តភាពជាប្រពៃណី បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិនកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត»។

ក្រៅពីជំនួបទ្វេភាគីជាមួយប្រមុខការពារជាតិចិន នៅលើទឹកនៃប្រទេសសិង្ហបុរី សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានឱ្យដឹងផងដែរថា ក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ បានលើកយកប្រធានបទសំខាន់ៗ មកពិភាក្សាមានជាអាទិ៍ ៖បញ្ហាឥណ្ឌូប៉ាស៊ីហ្វិក ភាពជាដៃគូថ្មី ការអភិវឌ្ឍន៍គំរូសម្រាប់សន្តិសុខ។ ជាមួយគ្នានេះ ក៏មានពិភាក្សាជាក្រុមដោយឡែក ដោយផ្តោតសំខាន់ ទៅលើសន្តិសុខប្រព័ន្ធអ៊ីនធឺណិត ការអភិវឌ្ឍសមត្ថភាព ការធ្វើសមតុល្យភាពក្នុងតំបន់ផងដែរ។



កិច្ចប្រជុំនេះ ក៏មានការចូលរួម ពីសំណាក់ប្រមុខការជាតិអាមេរិក និងអូស្រ្តាលី ដែលជាសម្ព័ន្ធភាព AUKUS ផងដែរ៕
