ព័ត៌មានជាតិ

ព្រឹកស្អែក! សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធអគារ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា” និង “ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម, សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សា នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌ កម្ពុជា” សរុបចំនួន១៨៣៥ នាក់ ។

តាមការឲ្យដឹងពីលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី លើការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដែលជាផ្នែកមួយនៃការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ព្រមទាំងជាការលើកទឹកចិត្តដ៏សំខាន់បំផុតដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងសិស្សវិជ្ជាជីវៈទាំងអស់នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្នុងការបន្តអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាពបន្តទៀត។

លោកបន្តទៀតថា នៅមុនឆ្នាំ២០០២, កម្ពុជាពុំមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការនោះទេ ដោយនៅពេលនេះ ចៅក្រម, ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ត្រូវបានជ្រើសចេញពីធនធានមនុស្ស ដែលនៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រួចបញ្ជូនទៅបណ្តុះបណ្តាល នៅក្រៅប្រទេស ឬបំពាក់បំប៉នជំនាញរយៈពេលខ្លី មុននឹងត្រូវជ្រើសឱ្យចូលបំពេញការងារ នៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីនានា។​

ដោយមានជំនួយកិច្ចសហប្រតិបត្តិការពីប្រទេសបារាំង ក្រោមកម្មវិធី “ការគាំទ្រនីតិរដ្ឋ”, ការបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការនេះបានចាប់ផ្តើមដំបូងនៅឆ្នាំ២០០២ តាមរយៈការបង្កើតឱ្យមានជា “សាលាភូមិន្ទចៅក្រម” ដោយអនុក្រឹត្យចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០០២។ បន្ទាប់មក នៅឆ្នាំ២០០៥, ក្នុងក្របខណ្ឌកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល, សាលាបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកតុលាការនេះ ក៏បានអភិវឌ្ឍខ្លួនទៅជា “រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ”។

ចុងក្រោយនេះ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៥២០ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣, “រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ” ត្រូវបានប្តូរឈ្មោះមកជា “បណ្ឌិត្យសភា-ភូមិន្ទយុត្តិធម៌កម្ពុជា” ដែលជាផ្នែកមួយនៃការកែទម្រង់ស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកច្បាប់ និងតុលាការរបស់កម្ពុជាមួយនេះ សំដៅ ៖ ទី១)-ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី, ទី២)-ពង្រីកសក្តានុពលភាពនៃស្ថាប័ននេះ ដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីកាន់ការងារច្បាប់ផ្សេងទៀត ក្នុងវិស័យយុត្តិធម៌ ជាពិសេស មន្ត្រីក្រសួងយុត្តិធម៌ មន្ត្រីរបស់អង្គភាពរដ្ឋបាលតុលាការ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត និង ទី៣)-លើកកម្ពស់សមត្ថភាពផ្នែកសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយនូវស្នាដៃផ្សេងៗ ដែលជាឧត្តមប្រយោជន៍ដល់វិស័យច្បាប់ និងយុត្តិធម៌នៅកម្ពុជា។ ដើម្បីអនុវត្តបេសកកម្មបន្ថែមថ្មីនេះ, “សាលាច្បាប់” (Law School) មួយត្រូវបានបង្កើតឡើង ជារចនាសម្ព័ន្ធថ្មីបន្ថែមចំណុះឱ្យបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៕

To Top