ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បើសិនមិនបង្កើតឲ្យមានសាលាឧទ្ធរណ៍ នៅតាមភូមិភាគនោះទេ ប្រហែលជាសំណុំរឿងកកស្ទះ នៅតាមសាលាឧទ្ធរណ៍រាជធានីភ្នំពេញហើយ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម, សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សា នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌ កម្ពុជាចំនួន ១៨៣៥នាក់ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោបានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់៩៩%រស់ មិនធ្វើកំណែទម្រង់ ៩៩%ស្លាប់ ដូច្នេះអ្វីៗកុំនៅទ្រឹងមួយកន្លែង ត្រូវដើរឲ្យទាន់សារភាពការណ៍។
សម្ដេចគូសបញ្ជាក់ថា «សព្វថ្ងៃកិច្ចការតុលាការរបស់យើង ត្រូវការកែទម្រង់ជាបន្ដទៀត។ វាជាល្អហើយក្នុងរយៈពេលកន្លងទៅនេះ យើងបានផ្ដួចផ្ដើមបង្កើត ឲ្យមានសាលាឧទ្ធរណ៍ តាមភូមិភាគ បើសិនមិនបង្កើត ឲ្យមានសាលាឧទ្ធរណ៍តាមភូមិភាគទេ ប្រហែលជាសំណុំរឿងកកស្ទះ នៅសាលាឧទ្ធរណ៍ភ្នំពេញ»។
សម្ដេចបន្ដថា សាលាឧទ្ធរណ៍តាមភូមិភាគ បង្កើតឡើងដើម្បីផ្តល់ការងាយស្រួលដល់ការផ្តល់សេវាយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរ។ ជាមួយការកើនឡើងនៃសាលាឧទ្ធរណ៍តាមភូមិភាគ ត្រូវការធនធានមនុស្សកាន់តែច្រើន ដូច្នេះហើយទើបសម្ដេច យល់ឃើញថា មានការចាំបាច់ត្រូវផ្ដល់ក្របខណ្ឌទៅដល់ផ្នែកតុលាការ។
នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា កុំនិយាយឡើយដល់វិស័យយុត្តិធម៌ គឺអ្វីៗទាំងអស់បានស្លាប់ក្នុងសម័យប៉ុលពត ប៉ុន្ដែត្រូវបានរស់ឡើងវិញក្រោយពីការផ្ដួលរំលំរបបប្រល័យពូជសាសន៍៕