ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយ ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល សំណេះសំណាល ជាមួយក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។

លោកបណ្ឌិត លើកឡើងថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺដោយសារការខិតខំប្រឹងប្រែង បម្រើប្រជាពលទ្វេដង ជាពិសេសការកំណត់យកសុខទុក្ខ របស់ប្រជាជនជាអាទិភាព តាមរយៈការរៀបចំ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, មន្ទីរពេទ្យ, វត្តអារាម, សាលារៀន និងខិតខំជួយប្រជាជនក្នុងគ្រាលំបាក ដោយមិនទុកប្រជាជនណាម្នាក់ចោលនោះទេ។ ក្រៅពីនេះ ក៏មានការរៀបចំគោលនយោបាយ ជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត តាមរយៈការផ្តល់នូវរបបសន្តិសុខសង្គម និងកិច្ចអន្តរាគមន៍ជួយសង្គ្រោះផ្សេងៗ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក៏ដូចជាការខិតខំពង្រឹងសមត្ថភាពក្នុងកា រលើកកម្ពស់ការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែលឿនរហ័ស និងជាទីពេញចិត្តសម្រាប់ប្រជាជន។

លោក ម៉ាណែត បន្ថែមថា គណបក្សប្រជាជនកម្ពុជាអាច បន្តសម្រេចសមិទ្ធផលជូនជាតិ និងប្រជាជន គឺអាស្រ័យដោយគោលនយោបាយរបស់គណបក្ស ពីព្រោះគោលនយោបាយរបស់គណបក្ស នឹងក្លាយជាគោលនយោបាយរបស់ រាជរដ្ឋាភិបាលនៅពេលឈ្នះការបោះឆ្នោត។ ដោយគោលនយោបាយត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ទើបប្រទេសជាតិយើងមាន ការរីកចម្រើនដល់បច្បុប្បន្ន ហើយគណបក្សក៏នឹងបន្តរៀបចំ និងអនុវត្តនូវនយោបាយ ដែលត្រឹមត្រូវបន្តទៅមុខទៀត។ គោលនយោបាយល្អ ក៏មិនអាចជោគជ័យទាំងស្រុងនោះដែរ គឺត្រូវទាមទារឱ្យមានប្រតិបត្តិករដ៏ស្មោះត្រង់ និងមានសមត្ថភាព ទើបអាចទទួលជោគជ័យ។ ក្នុងន័យនេះ យុវជនគឺជាកម្លាំងប្រតិបត្តិករយ៉ាងសំខាន់ ចំពោះការចូលរួមដោយផ្ទាល់ ក្នុងការបម្រើប្រទេសជាតិ តាមរយៈការចូលរួមជីវភាពនយោបាយ ក្នុងនាមជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះ យើងត្រូវបន្តរួមសាមគ្គីគ្នាឱ្យបានរឹងមាំ និងអនុវត្តគ្រប់ភារកិច្ចតាមឋានានុក្រមពីលើដល់ក្រោម ក្នុងការងារបម្រើប្រជាជន ហើយត្រូវលុបបំបាត់នូវរាល់សកម្មភាពអវិជ្ជមាន ដែលអាចបង្កការថ្នាំងថ្នាក់ដល់ប្រជាជន ដើម្បីធ្វើយ៉ាងណាធានាការពាររាល់ ផលប្រយោជន៍របស់ប្រជាជនក្នុងគ្រប់កាលៈទេសៈ។

លោក បន្ថែមថា ជោគជ័យ និងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសមិទ្ធផលរបស់ សង្គមជាតិដែលយើងកំពុងមានសព្វថ្ងៃ អាចនឹងរលាយបាត់បង់យ៉ាងងាយបំផុត ប្រសិនបើកម្លាំងយុវជន ដែលជាចលករយ៉ាងមុតស្រួច និងមានបរិមាណដ៏ច្រើនក្នុងសង្គមប្រជាធិបតេយ្យ មានភាពមិនច្បាស់លាស់ ហើយធ្វើការសម្រេចចិត្តខុសឆ្គង ដោយចូលរួមធ្វើសកម្មភាពប្រាសចាកពីគោលការណ៍ច្បាប់ ដែលបង្កជាចលាចលប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងដំណើរការនៃការអភិវឌ្ឍជាតិ។ ដូច្នេះ ក្នុងនាមជាយុវជនដែលជា កម្លាំងស្នូលពោរពេញដោយថាមភាព និងសក្តានុពលសម្រាប់បន្តវេន ជាពិសេសក្នុងនាមជាសកម្មជនបក្ស ដែលទទួលបានទំនុកចិត្តពីបក្ស យើងត្រូវប្តេជ្ញាបន្តថែរក្សាសមិទ្ធផលសព្វថ្ងៃ ឱ្យបានគង់វង្សសម្រាប់អ្នកជំនាន់ក្រោយៗទៀត ហើយចំពោះមុខនេះ គឺការចូលរួមការពារប្រៀបឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាបានថា គោលនយោបាយជាយុទ្ធសាស្ត្រ ក្នុងការពារសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ គឺនឹងត្រូវបានអនុវត្តបន្តទៅមុខ ជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនយើង៕

To Top