ព័ត៌មានជាតិ

សម្ដេចតេជោ៖ ខ្ញុំ មានសំណាង មានរដ្ឋមន្ត្រីសេដ្ឋកិច្ច ២រូប ចេះសន្សំលុយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាលើកសរសេរពីរដ្ឋមន្រ្តីសេដ្ឋកិច្ច២រូប ដែល ចេះសន្សំលុយមិនខ្ជះខ្ជាយ ហើយសម្តេចថា មានភ័ព្វសំណាងណាស់ ដែលមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ចេះសន្សំលុយសម្រាប់អភិវឌ្ឍន៍ ប្រទេសជាតិមិនមែនជារដ្ឋមន្ត្រីខ្ចិលធ្លុះ។

រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ២រូបនោះ រួមមាន ៖ លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ អតីតរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលបច្ចុប្បន្ននេះ។

នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នាថ្ងៃ៧ មិថុនា សម្ដេចតេជោរំលឹកថា ឲ្យតែនៅរៀងរាល់ល្ងាចថ្ងៃ៣១ រាល់ខែសម្ដេចតែងតែផ្ញើសារ ដល់សមាជិករាជរដ្ឋាភិបាល បានដឹងពីចំណូលជាតិ ទទួលបានប៉ុន្មាន ខណៈខែមីនា កម្ពុជាទទួលបានចំណូលជាង ១ពាន់លានដុល្លារ។

សម្ដេចគូសបញ្ជាក់ថា «ខ្ញុំ ជាមនុស្សដែលមានមានភ័ព្វសំណាងនៅត្រង់ថា ខ្ញុំមានរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចហរិញ្ញវត្ថុ២រូប មកហើយ ជារដ្ឋមន្ដ្រីមិនមែនខ្ចិលធ្លុះ ជារដ្ឋមន្ដ្រីចេះសន្សំលុយ។ អីចឹងបានជាយើងត្រូវហ៊ានដកយក ២៣០លានជាង យកមកធ្វើស្ពាននេះ (ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅកៀនស្វាយ)»។

សម្ដេចរំលឹកថា គម្រោងដើមការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ភ្ជាប់ជាមួយការសាងសង់ ស្ពានឆ្លងទន្លេមេគង្គក្រោមផងដែរ ហើយតម្រូវឲ្យប្រជាពលរដ្ឋ បង់ប្រាក់នៅពេលឆ្លងកាត់។ ប៉ុន្តែដោយមិនចង់ឲ្យប្រជាពលរដ្ឋ ចំណាយលុយលើការឆ្លងស្ពាននោះ សម្តេចក៏សម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ សាងសង់ស្ពានឲ្យពលរដ្ឋឆ្លង ដោយមិនគិតប្រាក់តែម្តង។

សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា «ខ្ញុំ ហាក់ដូចជាសំណាងដែរ តាំងពីឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រហូតដល់ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ចេះសន្សំលុយ» ។

សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ គឺជាអ្នកនយោបាយជើងចាស់ម្នាក់ ហើយបានកាន់កាប់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៣ មុននឹងទទួលបានតំណែងជា ឧបនាយករដ្ឋមន្ត្រីប្រចាំការ។ បច្ចុប្បន្នលោកក៏ជា អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ។ ចំណែក លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏បានបន្តកាន់តំណែងពីលោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ ជារដ្ឋមន្រ្តីសេដ្ឋកិច្ចរហូតដល់បច្ចុប្បន្ន ៕

To Top