ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានលើកទឹកចិត្តក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន សិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឱ្យបានលឿន ដើម្បីបម្រើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន លេីកឡេីងបែបនេះនាឱកាសអនុញ្ញាតឲ្យលោក ទូ ហ្វី(DU Fei)ប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។
ក្នុងជំនួបនោះ លោកទូហ្វី បានគោរពថ្លែងអំណរគុណសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់កិត្តិយសជាគណៈអធិបតី បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅក្រុងបាវិត និងអនុញ្ញាតឱ្យក្រុមហ៊ុនចុះហត្ថលេខា ក្របខ័ណ្ឌផ្លូវល្បឿនលឿន ភ្នំពេញទៅសៀមរាប , និងសៀមរាបទៅប៉ោយប៉ែត។
ឆ្លៀតក្នុងឱកាសនោះ លោក ទូហ្វី បានគោរពប្ដេជ្ញាចិត្ត ថាក្រុមហ៊ុននឹងជំរុញការ សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញបាវិតឲ្យបាន លឿន តាមដែលអាចធ្វើទៅបាន និងបញ្ជូនក្រុមអ្នកបច្ចេកទេស មកធ្វើការសិក្សា ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងសៀមរាប-ប៉ោយប៉ែត នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែង ការរីករាយជាមួយនឹងវត្តមានរបស់ក្រុមហ៊ុន នៅព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេលជាង ២០ឆ្នាំមកហើយ ហើយបានចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងច្រើនជាពិសេសថ្មីៗនេះ ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញក្រុងព្រះសីហនុ បានយ៉ាងជោគជ័យ។
សម្ដេចតេជោ បានលើកទឹកចិត្តឲ្យក្រុមហ៊ុនជំរុញការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញបាវិត និងធ្វើការសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប , សៀមរាប- ប៉ោយប៉ែត ឱ្យបានលឿន ដើម្បីបម្រើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា។
សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលមានប្រវែងសរុបប្រមាណ ៤០០គីឡូម៉ែត្រនេះ តាមការប៉ាន់ស្មានគ្រោងចំណាយថវិកាប្រមាណ ៤ពាន់លានដុល្លារអាមេរិក ដែលការចំណាយជាមធ្យម ១០លានដុល្លារ ក្នុងមួយគីឡូម៉ែត្រផងដែរ៕