បរទេស ៖ គណបក្ស Move Forward កាលពីថ្ងៃពុធបានបដិសេធរបាយការណ៍ដែលចោទប្រកាន់ថា ខ្លួនមានគោលនយោបាយធ្វើមាតុភូមិនិវត្តន៍ពលករ ចំណាកស្រុកមកពីប្រទេសជិតខាង។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា គណបក្សដែលទទួលបានអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតថ្ងៃទី ១៤ ឧសភា គឺគណបក្ស Move Forward បានឆ្លើយតបទៅនឹងការអះអាងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅក្នុងការជួបជុំកាលពីចុងសប្តាហ៍ ហើយត្រូវបានគេរាយការណ៍យ៉ាងទូលំទូលាយក្នុងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងថៃ។
គណបក្ស Move Forward បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគណនី Twitter ផ្លូវការរបស់ខ្លួនថា “ជំហររបស់គណបក្សគឺការពារសុខុមាលភាព និងសិទ្ធិការងាររបស់កម្មករទាំងអស់នៅក្នុងប្រទេសថៃ ដោយមិនគិតពីសញ្ជាតិរបស់ពួកគេឡើយ” ។
“គណបក្សដែលឈ្នះឆ្នោតនេះ ថែមទាំងបានទទួលស្គាល់សារៈសំខាន់ នៃការរួមចំណែករបស់កម្លាំងពលកម្មចំណាកស្រុកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសថៃ ផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា