ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ខ្ញុំប្រើពេល ១៦ឆ្នាំ ទើបផ្ដាច់បារីបាន

ភ្នំពេញ៖ ដោយមិនចង់ឲ្យប្រជាពលរដ្ឋខ្មែរមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារបារីបន្តទៀតនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យគ្រប់គ្នាពិចារណាឡើងវិញអំពីការជក់បារីនេះ ព្រោះមិនត្រឹមតែប៉ះពាល់សុខភាពខ្លួនឯង តែបានប៉ះពាល់ទៅដល់អ្នកជុំវិញខ្លួនទៀត ។ បន្ថែមពីលើ នេះទៀត សម្តេចបានលើកឡើង ពីបទពិសោធន៍ផ្ទាល់ខ្លួន អំពីការជក់បារី ដែលពិបាក ក្នុងការផ្តាច់ ដែលត្រូវប្រើពេលវេលា១៦ឆ្នាំ ទើបអាចផ្ដាច់បារីបាន ។

ក្នុងដំណើរបន្តបេសកកម្មជួបសំណេះសំណាល ជាមួយកម្មករ នាថ្ងៃ៨ ខែមិថុនា សម្តេចតេជោ បានមានប្រសាសន៍ ពីចំនួនអ្នកជក់បារី នៅកម្ពុជាកាន់តែធ្លាក់ចុះ រហូតអ្នកខ្លះថា លក់បារីអត់សូវដាច់ ខណៈខាងពន្ធដារថា ចំណូលពីពន្ធបារីក៏មានការធ្លាក់ចុះ ។ ត្រង់ចំណុចនេះ សម្ដេចថា គឺជារឿងត្រឹមត្រូវហើយព្រោះនិន្នាការនៅកម្ពុជា គឺដាក់ចេញយុទ្ធនាការ គ្មានផ្សែងបារី កំពុងតែដើរទៅមុខ ។

បន្ថែមពីបញ្ហាបារីនេះ ដែលនាំឲ្យអំពុលទុក្ខដល់អ្នកដទៃ សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកពីបទ ពិសោធន៍ផ្ទាល់ខ្លួនថា «ខ្ញុំពីដើមបើកុំមានសង្គ្រាម ក៏អត់ចេះជក់បារីដែរ តែដល់មានសង្គ្រាម ជក់ដំបូងជក់ត្រឹមដេញមូស ជក់យូរៗទៅឆ្ងាញ់ ដល់ផុតពីឆ្ងាញជក់ដើម្បីគិត បើកាលណាចាប់ប៊ិចសរសេរ អត់មានបារីទេគឺសរសេរលុបៗ បើដៃម្ខាងកាន់បារី ដៃម្ខាងកាន់ប៊ិច គឺថាសរសេរលឿន អ្នកវ៉ៃមិនទាន់ផង» ។

សម្ដេចសង្កត់ធ្ងន់ថា «សន្យានៅពេលការកូនស្រីច្បង ឆ្នាំ១៩៩៩ ថាខ្ញុំនឹងឈប់ជក់បារី ពេលណាខ្ញុំមានចៅ ។ ព្រះអើយព្រះ ១៦ឆ្នាំក្រោយ ចៅអាយុ ១៦ឆ្នាំទើបឈប់ជក់បាន ។ ចៅកើតឆ្នាំ២០០០ ខែមករា ដល់យើងមកឈប់នៅខែមីនា ឆ្នាំ២០១៦ បានសេចក្ដីថា ១៦ឆ្នាំទើបឈប់ជក់បាន»

សម្ដេចតេជោថ្លែងថា មកដល់ពេលនេះទើបដឹងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតទ្រាំ ជាមួយសម្ដេចរបៀបម៉េច ខណៈសម្ដេចរាល់ថ្ងៃនេះ ដើរជិតអ្នកជក់បារី គឺធុំក្លិនពិបាកទ្រាំណាស់ ។ សម្ដេចថា «ចឹងប្រពន្ធខ្ញុំគឺថា គ្នាទ្រាំជាមួយខ្ញុំចង់ងាប់ចង់រស់ហើយ ព្រោះខ្ញុំជាមនុស្សជក់បារី ប្រពន្ធដេកម្ខាង ហើយយើងជក់បារីទាល់តែពន្លត់បារី ហើយពន្លត់ភ្លើងដេកលក់តែម្ដង ជក់ណាស់ ឈប់៦ដងទើបដាច់» ។

សម្ដេចតេជោថ្លែងថា កាលពីដើមធ្វើដំណើរតាមយន្តហោះម្ដងៗ ជាពិសេសធ្វើដំណើរផ្លូវឆ្ងាយលើយន្តហោះ គឺពិបាកទ្រាំមហាពិបាក ព្រោះគេហាមមិនឲ្យជក់បារី ។ សម្ដេចថា កាលពីទស្សវត្សរ៍៨០ ក្រុមហ៊ុនអាកាសចរណ៍បានប្រណាំងប្រជែងគ្នា ដាក់បារីល្អៗឲ្យអ្នកដំណើរជក់ ។

សម្ដេចគូសបញ្ជាក់ថា ឥឡូវនេះក្នុងចំណោមក្មេងៗ ដែលពេញវ័យកាន់តែធំទៅៗ គឺអត់ជក់បារីទេ ។ ក្នុងចំណោមចៅសម្ដេច ២២នាក់ មានចៅប្រុស ១២នាក់ គឺអត់មានចៅណាមួយចេះជក់បារីទេ ។ សម្ដេចថា និន្នាការបច្ចុប្បន្ននេះ គឺដើរខុសពីមុនហើយ ។ ចំណែកអ្នកដែលនិយកដាំថ្នាំជក់ ក៏ត្រូវបង្វែរទិសដៅ ដើម្បីរកមុខទំនិញផ្សេងវិញ ៕

To Top