ព័ត៌មានជាតិ

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព គ្រោងបញ្ចប់ការសាងសង់ នៅខែមិថុនានេះ

ភ្នំពេញ ៖ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មកដល់ពេលនេះ បានបង្អួចរាងយ៉ាងល្អប្រណិតហើយ ដែលនេះជាសមិទ្ធផលដ៏ធំមួយទៀត របស់សម្ដេចតេជោហ៊ុន សែន ដើម្បីសុខមាលភាព ប្រជាពលរដ្ឋកម្ពុជា ដែលមានរហូតដល់១ម៉ឺនគ្រែ នឹងបញ្ចប់ការសាងសង់ ក្នុងពេលឆាប់ៗនេះ ពោលក្នុងខែមិថុនានេះតែម្តង ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៨ មិថុនានេះ បានចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះជាថ្មីម្តងទៀត ដើម្បីជំរុញការសាងសង់ ឲ្យបានលឿន ទៅតាមអ្វីដែលបានគ្រោងទុក ពិសេសសម្រិតសម្រាំង ឲ្យបានស្អាត ចំពោះកិច្ចដែលនៅសេសសល់ ។

លោក ឃួង ស្រេង បានលើកឡើងថា មកដល់ពេលនេះ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចេញជារូបរាងយ៉ាងល្អប្រណិតហើយ ដែលនេះជាសមិទ្ធផលដ៏ធំមួយទៀត របស់សម្ដេចតេជោហ៊ុនសែន ដែលមានរហូតដល់១ម៉ឺនគ្រែ ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានជម្រុញឲ្យក្រុមហ៊ុនទទួលម៉ៅការសាងសង់ រៀបចំការងារ ដែលនៅសេសសល់ឲ្យបានស្អាត និងទាន់ពេលវេលា ។

តាមគម្រោង មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នឹង ត្រូវស្ថាបនាឲ្យបានរួចរាល់ ក្នុងខែមិថុនានេះ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចតេជោ ។

គួររំលឹកថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ មានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និងH2) អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) ។ សរុបចំនួនគ្រែអ្នកជំងឺពីអគារ ( H1 ដល់ H7) ទាំងអស់មានប្រមាណ១ម៉ឺនគ្រែ ជាមួយនិងអគារបច្ចេកទេស (T) ។

មណ្ឌលនេះ មានចំណតរថយន្ត (P) សួនច្បារ (G3) មានសួនបៃតង អគារផ្គត់ផ្គង់ និងព័ត៌មាន (A) អគារស្នាក់នៅសម្រាប់បុគ្គលិក (S) ។ សម្រាប់អគារ A, S, E, H1,H2,H3,H4,H5,H6,H7, T1,T2 ដែលអគារនីមួយៗសុទ្ធតែមានមុខងារសំខាន់ៗ ជាពិសេស អគារ T1,T2 ។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅកម្ពុជា ដែលនឹងផ្ដល់សេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកជំងឺទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ ។ ក្នុងករណីដែលមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ គឺមន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ ខណៈមន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមលក្ខណៈស្តង់ដារ ៕

To Top