ព័ត៌មានជាតិ

រយៈពេលជាង ២ទសវត្សហើយ ដែលរបបសន្ដិសុខសង្គមកម្ពុជា បានងើបឈរឡើងវិញ និងរក្សាជំហរយ៉ាងរឹងមាំសម្រាប់បម្រើផលប្រយោជន៍ពលរដ្ឋ

ភ្នំពេញ៖ ក្នុងបាឋកថា ក្រោមប្រធានបទស្តីពី គោលការណ៍គ្រឹះនៃប្រព័ន្ធសន្តិសុខសង្គម លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានថ្លែងថា គិតរហូតមកដល់សព្វថ្ងៃនេះ របបសន្ដិសុខសង្គមកម្ពុជា មានអាយុកាលជាង ពីរទសវត្សមកហើយ ដែលបានវិវត្តន៍ខ្លួនបន្ដិចម្ដងៗ និងបានរក្សាជំហរយ៉ាងរឹងមាំ សម្រាប់បម្រើផលប្រយោជន៍ ជូនបងប្អូនប្រជាពលរដ្ឋ ហើយដើម្បីរួមគ្នាបន្ដរក្សាជំហរការពារ នូវផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការអនុវត្តរបបសន្ដិសុខសង្គម នៅកម្ពុជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកទាំងអស់ ដែលកំពុងអនុវត្តការងារនេះ ត្រូវតែឈ្វេងយល់ និងដឹងឱ្យបានច្បាស់ពីគោលការណ៍គ្រឹះ នៃប្រព័ន្ធសន្តិសុខសង្គម។

លោកប្រតិភូ បានបន្តទៀតថា ស្ទើរតែពេញមួយជីវិតរបស់លោកហើយ លើកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការចូលរួមអភិវឌ្ឍរបបសន្ដិសុខសង្គមមួយនេះ រហូតទទួលបានភាពរីកចម្រើន និងជោគជ័យជាបន្ដបន្ទាប់ ដូច្នេះវគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាពេលវេលាដ៏មានសារៈសំខាន់បំផុត សម្រាប់ថ្នាក់ដឹកនាំ ប.ស.ស. គ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ស្តាប់ ដើម្បីជាចំណេះដឹងមូលដ្ឋាន អាចយកទៅវិភាគហានិភ័យសង្គម ក៏ដូចជាការរៀបចំនូវលិខិតបទដ្ឋាន ធ្វើយ៉ាងណា ឱ្យមានសន្តិសុខសេដ្ឋកិច្ច សម្រាប់បុគ្គលគ្រប់រូប។

លោកប្រតិភូ សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមដែលជាថ្នាក់ដឹកនាំ ប.ស.ស. គ្រប់ៗរូប នឹងយកចំណេះដឹងទាំងអស់នេះ ទៅពង្រឹងលើសមត្ថភាពរបស់ខ្លួន ដែលមានស្រាប់  ដើម្បីបន្ដអនុវត្តរបបសន្តិសុខសង្គមមួយនេះ ឱ្យកាន់តែមានប្រសិទ្ធភាពរីកចម្រើនបន្ថែមទៀត ជាពិសេសជួយលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង ក៏ដូចជាជួយដល់សង្គមជាតិទាំងមូលផងដែរ។

សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលខាងលើនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ គឺចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាលសន្ដិភាព ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ៕

To Top