ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានណែនាំម្ចាស់បុរី ហៅម្ចាស់ផ្ទះដែលត្រូវបានរឹបអូសផ្ទះ មកជជែកគ្នា ហើយផ្តល់ផ្ទះត្រឡប់ទៅវិញ ដោយចិត្តធម៌ ក្រោមនយោបាយឈ្នះ-ឈ្នះ។
មួយទៀតសម្តេចថា បើសិនជាក្នុងករណីរឹបអូសរួចហើយ គួរតែផ្តល់លុយឲ្យម្ចាស់ផ្ទះវិញ ពាក់កណ្តាលផងដែរ ។
ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវ និងស្នើប្រធានសមាគមអចលនទ្រព្យ ធ្វើការជាមួយសមាជិកដែលជាម្ចាស់បុរីកែសម្រួលកិច្ចសន្យាបង់រំលស់ផ្ទះតាមបុរី ដើម្បីឲ្យពលរដ្ឋអាចបន្តមានលទ្ធភាពបង់បន្តបាន ចៀសវាងរឹបអូសដែលបង្កើតទៅជាការឈឺចាប់ និងប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម ។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៩ មិថុនានេះ សម្ដេចតេជោលើកជាច្រើនពីករណីបង់រំលោះផ្ទះជាមួយម្ចាស់បុរីផ្ទាល់ ហើយក៏ចង់ដឹងពីចំនួនផ្ទះដែលត្រូវខាងបុរីរឹបអូសវិញផងដែរ ក្នុងពេលដែលវិបត្តិកូវីដបានមកដល់ ។
សម្ដេចតេជោ បានស្នើទៅម្ចាស់បុរី ឲ្យរៀបចំការបង់ប្រាក់រំលោះឡើងវិញ ដើម្បីសម្រួលដល់ម្ចាស់ផ្ទះ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ ហើយបញ្ចៀសបានការរឹបអូសផ្ទះ ។ សម្តេចក៏ស្នើទៅកាន់អ្នកឧកញ៉ា លី ហួរ សហការជាមួយម្ចាស់បុរី និងផ្នែកអចលនទ្រព្យពាក់ព័ន្ធ ធ្វើការដោះស្រាយចំពោះបញ្ហា ការយឺតយ៉ាវការបង់ប្រាក់ សម្រាប់ការបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋឡើងវិញ ដើម្បីអនុញ្ញាតឲ្យពលរដ្ឋ អាចបន្តបង់រំលស់ផ្ទះទៀតបាន ហើយមិនត្រូវបានរឹបអូសផ្ទះ ។
សម្ដេចតេជោលើកឡើងថា «ម្ចាស់បុរីដែលលក់ផ្ទះអត់មានអីខាតទេ គ្រាន់ពន្យារការសង ហើយសងនៅតែសង ប៉ុន្តែពីមុនធ្លាប់ថា បង់ផ្ដាច់១៥ឆ្នាំ ក្នុង១ខែបង់ ៥០០ដុល្លារ ឥឡូវនេះពន្យារទៅជាការបង់ ២០ឆ្នាំ ប៉ុន្តែបង់១ខែត្រឹមតែ ៤០០ ឬ៣០០ដុល្លារ បើធ្វើដូច្នេះបានទាំងសងខាងឈ្នះទាំងអស់គ្នា ។ ខ្ញុំសុំដោយទទូចចំពោះម្ចាស់បុរី ផ្ដល់នូវការយោគយល់បែបនេះ សម្រាប់អ្នកដែលទិញផ្ទះ ការរឹបអូសណាមួយមិនមែនជារឿងល្អសម្រាប់សេដ្ឋកិច្ចជាតិ និងបញ្ហាសង្គមកម្ពុជាទេ វានឹងទម្លាក់អ្នកដែលបានរកប្រាក់បង់ហើយ ជួនកាលបង់បានពាក់កណ្ដាល ស្រាប់តែត្រូវគេរឹបអូស» ។
សម្ដេចតេជោ ក៏បានស្នើឲ្យលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយពិនិត្យ និងណែនាំបន្ថែម លើកុងត្រាការបង់រំលោះផ្ទះ រវាងម្ចាស់បុរី និងអ្នកទិញផ្ទះ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា «ក្នុងករណីរឹបអូសហើយ ប្រសិនបើអស់លោកឧកញ៉ា អញ្ជើញម្ចាស់ផ្ទះឲ្យត្រឡប់មកវិញ ឬក៏អស់លោកអាចផ្ដល់ប្រាក់កាសខ្លះ សម្រាប់អ្នកដែលត្រូវម្ចាស់បុរីរឹបអូសផ្ទះ នេះជាការអង្វរកររបស់ខ្ញុំសុំឲ្យផ្ដល់នូវការយោគយល់ អ្នកដែលមិនទាន់ត្រូវបានរឹបអូស ក៏មិនត្រូវមានការរឹបអូសតទៅទៀតតាមរយៈការរៀបចំឥណទានឡើងវិញ ពន្យាររយពេលសង កាត់បន្ថយចំនួនប្រាក់ដែលត្រូវបង់ប្រចាំខែ […] ខ្ញុំគិតថាអ្នកឧកញ៉ា ថៅកែនៅកម្ពុជា មិនចិត្តអាក្រក់រហូតដល់ប៉ុណ្ណឹងទេ ។ ប៉ុន្តែសាររបស់ខ្ញុំបញ្ជូនឲ្យអ្នកឧកញ៉ានេះ ពិនិត្យពិច្ច័យដោយចិត្តធម៌សប្បុរសហើយយកផ្លូវឈ្នះ-ឈ្នះ គឺជាគោល ។ គ្នាបង់អស់១០ម៉ឺនហើយ ស្រាប់តែឥឡូវរឹបអូសបាត់ តើអាចឲ្យមកវិញ ៥ម៉ឺនបានទេ ឬក៏រឹបអូសថ្មីៗអញ្ជើញគាត់ត្រឡប់មកវិញ ឥឡូវខ្ញុំរៀបចំឥណទានឲ្យអ្នកឯងឡើងវិញ ឲ្យអ្នកឯងមកនៅផ្ទះ ធ្វើបុណ្យទាន់ជាតិនេះ កុំចាំជាតិក្រោយ» ។
សម្ដេចតេជោថា “អំពាវនាវទៅកាន់ម្ចាស់បុរីទាំងអស់ ដែលត្រៀមរឹបអូសផ្ទះ ត្រូវផ្អាកហើយនិយាយគ្នាសិន ។ ការប្រកាសឲ្យផ្អាកការរឹបអូសផ្ទះនេះ ត្រូវធ្វើចាប់ពីម៉ោងទទួលបានសារនេះតទៅ ដោយត្រូវរៀបចំឥណទានឡើងវិញ”។
សម្តេចថា ចំណែកអ្នកទិញផ្ទះក៏ត្រូវតែមានការទទួលខុសត្រូវ ក្នុងការសងត្រឡប់ទៅម្ចាស់បុរីវិញផងដែរ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យលោក សុខ ចិន្តាសោភា ស្រាវជ្រាវរកទិន្នន័យ អ្នកដែលត្រូវគេរឹបអូសផ្ទះ ៕