ព័ត៌មានជាតិ

សម្តេចតេជោ ៖ បេសកកម្ម ស្វែងរកលុយ របស់ក្រុមជនក្បត់ជាតិ៣ជំនាន់ ទទួលបរាជ័យ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានទម្លាយអាថ៌កំបាំងដែលបានកប់ បាត់នាពេលកន្លងមកថា បេសកកម្មស្វែងរកលុយរបស់ក្រុមជនក្បត់ជាតិ ៣ជំនាន់(សម រង្ស៊ី) តាមរយៈការធ្វើបុណ្យផ្កាសាមគ្គីនោះ បានទទួលបរាជ័យ ព្រោះប្រមូលលុយមិនគ្រប់ចំនួន។

នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ ខេត្តកំពង់ឆ្នាំង (លើកទី២) នាថ្ងៃ៩ មិថុនា សម្ដេចតេជោថ្លែងថា គោលដៅក្រុមជនក្បត់ជាតិ៣ជំនាន់ ដើរប្រមូលលុយឲ្យបាន៣ម៉ឺនដុល្លារ ប៉ុន្ដែទទួលបានជាង៣ពាន់ ឬ៤ពាន់ដុល្លារប៉ុណ្ណោះ។

សម្ដេចនាយករដ្ឋមន្ដ្រី អះអាងថា «អញដឹងហើយ ថ្ងៃមុនហ្អែងដើរធ្វើបុណ្យផ្កា ដើម្បីរកលុយ ក្នុងគោលដៅរកលុយឲ្យបាន៣ម៉ឺនដុល្លារ។ ក្នុងជើងលេខពិតប្រាកដបានតែ៤៨០០ដុល្លារជាង ។ ហ្អែងអស់លុយហើយ សូម្បីទៅអូស្ដ្រាលីកន្លងទៅ ហ្អែងបានជាង៣ពាន់ទេ អញដឹងហើយ»។

ឆ្លៀតឱកាសនោះ សម្ដេចតេជោក៏បានថ្លែងអរគុណចំពោះប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស បានចូលរួមថែរក្សា ការពារសន្តិភាព និងបានអំពាវនាវឲ្យបន្តថែរក្សាការពារសន្តិភាពបន្តទៀត ដែលជាគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ៕

To Top