ភ្នំពេញ៖ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រ ដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ដល់សហគមន៍ចំនួន ១០ ដែលមានផ្ទៃដីដាំដុះសរុបចំនួន ២ ០០០ហិកតា នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន បានឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនបានធ្វើការកែច្នៃ ផលិតផលគ្រាប់ស្វាយចន្ទី សម្រាប់ធ្វើការនាំចេញទៅ កាន់ទីផ្សារ ដែលមានរសជាតិខុសៗពីគ្នា ហើយធ្វើការវេចខ្ជាប់តាមស្តង់ដាបច្ចេកទេស នៃការបញ្ជាទិញ ដោយផលិតផលដែលកំពុងវេចខ្ជាប់ទាំងនោះ គឺ១)គ្រប់ស្វាយចន្ទី មានរសជាតិប្រៃ,២) ស្វាយចន្ទីរសជាតិទឹកដោះគោ,៣) ស្វាយចន្ទីរសជាតិឈើឯម និង៤) ស្វាយចន្ទីរសជាតិតុំយ៉ាំ។ ផលិតផលទាំងនេះ គឺសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេស។

ជាកិច្ចចាប់ផ្តើមលោកបណ្ឌិត បានធ្វើការសាកសួរទៅកាន់ម្ចាស់ក្រុមហ៊ុន និងតំណាងសហគមន៍ ដើម្បីចង់ដឹងអំពីបញ្ហាប្រឈមផ្សេងៗ ដែលសហគមន៍ផ្ទាល់កំពុងជួបប្រទះ និងការលំបាកនានារបស់បងប្អូន សហគមន៍ជុំវិញការដាំដុះស្វាយចន្ទី។ បន្ទាប់ពីបានស្តាប់នូវការលើកឡើង របស់សហគមន៍លោកបណ្ឌិត បានជូនជាយោបល់ ក៏ដូចជាដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហា និងសំណើររបស់បងប្អូនផងដែរ។

លោកបណ្ឌិត បានបន្តថា តាមប្រសាសន៍ប្រមុខថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន គឺជំរុញការដាំដុះស្វាយចន្ទី និងបានដាក់ចេញនូវគោលនយោបាយគាំទ្រ ដើម្បីប្រែក្លាយប្រទេសកម្ពុជាទៅជា អធិរាជស្វាយចន្ទីនាពេលអនាគត។ ជាមួយគ្នានេះដែរ លោកបណ្ឌិត បានលើកទឹកចិត្តដល់ ក្រុមហ៊ុនសហគមន៍ ឬសមាជិកសហគមន៍ និងប្រជាពលរដ្ឋ ក្នុងករណីមានតម្រូវការឥណទាន អាចធ្វើការស្នើសុំឥណទានពីធនាគារ ARDB ដែលជាធនាគាររដ្ឋ បាន ក្នុងអត្រាការប្រាក់សមរម្យ ដេីម្បី៖ទិញម៉ាស៊ីនបកស្វាយចន្ទី សាងសង់ឃ្លាំងស្តុក លានហាល និងពង្រីកការដាំដុះស្វាយចន្ទី ទិញថ្នាំ ជី និងថែទាំជាដើម។

លោកបណ្ឌិតបានថ្លែងបញ្ជាក់ថាចំពោះអត្រាការប្រាក់របស់ ARDB គឺជាការប្រាក់សម្បទាន និងជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាកសិករនៅទីជនបទដើម្បីអាចយកពង្រីកចំការស្វាយចន្ទី និងចំការផ្សេងៗដែលស្ថិតក្នុងវិស័យកសិកម្ម និងដើម្បីបង្កើនសង្វាក់ផលិតកម្ម សម្រាប់នាំចេញផលិតផលសម្រេចទៅទីផ្សារក្រៅប្រទេស ដើម្បីឱ្យមានការប្រកួតប្រជែង និងបានផ្តល់ការងារឱ្យកូនចៅ ប្រជាពលរដ្ឋធ្វើការនៅក្នុងភូមិស្រុក ផងដែរ។

លោកបណ្ឌិត បន្តជំរុញដល់សហគមន៍ស្វាយចន្ទីទាំងអស់ ក្នុងខេត្តស្ទឹងត្រែងនិងក្រុមហ៊ុន គួរគិតគូរចុះកិច្ចសន្យាកសិកម្ម ដើម្បីធានាដល់ស្ថេរភាពនៃតំលៃ ស្វាយចន្ទីលើទីផ្សាររបស់បងប្អូន និងទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ លើផ្នែកបច្ចេកទេសពីក្រុមហ៊ុនផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត បានលើកទឹកចិត្តដល់បងប្អូន និងក្រុមហ៊ុន អាចគិតគូរស្នើសុំឥណទានពីធនាគារ ARDB ដោយយកស្តុកគ្រាប់ស្វាយចន្ទីស្ងួត មកដាក់ធ្វើជាទ្រព្យធានាបំណុលបាន ហើយធនាគារអាចផ្តល់ឥណទានជូនរហូតដល់ ៧០% នៃតម្លៃគ្រាប់ស្វាយចន្ទីដែលមាននៅក្នុងឃ្លាំងស្តុក។

លោកបណ្ឌិត កៅ ថាច បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីខាន ៕
