ព័ត៌មានជាតិ

សម្ដេចតេជោ សង្ឃឹមថាប្រជាជនអាស៊ានពិតជាចងចាំអនុស្សាវរីយ៍ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា ប្រជាជនអាស៊ាន និងទីម័រលេស្ដ ដែលមានជាង ៦០០លាននាក់ ពិតជាចងចាំអនុស្សាវរីយ៍ទាំងឡាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីធានារៀបចំការប្រកួតកីឡាជនពិការអាស៊ាន លើកទី១២នេះ ឲ្យប្រព្រឹត្តិទៅតាមនិយាម និងស្ដង់ដារកីឡាជនពិការអន្ដរជាតិពិតប្រាកដ ហើយការប្រកួតបានបញ្ចប់។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេច នាយករដ្ឋមន្ដ្រី បានបង្ហាញក្ដីសង្ឃឹមថា «ប្រជាជនអាស៊ាន និងទីម័រលេស្ដ ដែលមានជាង ៦០០លាននាក់ ពិតជាចងចាំអនុស្សាវរីយ៍ទាំងឡាយ ទាំងក្នុងក្របខណ្ឌស៊ីហ្គេម និងក្នុងក្របខណ្ឌអាស៊ានប៉ារ៉ាហ្គេម នាពេលនេះ»។

សូមរំលឹកថា កម្ពុជា បានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ចាប់ផ្ដើមពីថ្ងៃទី២៩ មេសា រហូតដល់ ថ្ងៃទី៥ ឧសភា។ ដោយឡែក ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជា រៀបចំចាប់ពីថ្ងៃទី៣ ដល់៩ ខែមិថុនា ឆ្នាំ២០២៣ ខណៈព្រឹត្តិការណ៍ទាំងពីរនេះ បានបញ្ចប់ទៅដោយជោគជ័យយ៉ាងត្រចះត្រចង់៕

To Top