ព័ត៌មានជាតិ

សម្តេចតេជោ ចោទសួរថា តើអ្នកណាទទួលផលប្រយោជន៍ ពីការស្លាប់ របស់លោក កែម ឡី?

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចោទសួរថា តើអ្នកណាទទួលផលប្រយោជន៍ពីការស្លាប់របស់ លោក កែម ឡី ខណៈគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ជាអ្នកខាតបង់ ហើយគ្មានអ្វីចំណេញនោះទេ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា តើអ្នកណាទទួលប្រយោជន៍ពីការស្លាប់របស់ កែម ឡី ហើយឥឡូវនេះ សូម្បីប្អូនប្រុសលោក កែម ឡី និងយុវជន ១០០ រាត្រី ធ្លាប់ជាមនុស្សរបស់ កែម ឡី នោះ ចុងក្រោយមករួមរស់ជាមួយរាជរដ្ឋាភិបាលវិញ។
សម្តេចតេជោ បានលើកជាសំណួរថា អ្នកណាបានប្រយោជន៍ពិតប្រាកដពីការស្លាប់របស់លោកកែម ឡី? ព្រោះថា ការស្លាប់របស់ កែម ឡី មានអ្នកចោទលើថ្នាក់ដឹកនាំ និងលើខ្លូនសម្តេចផ្ទាល់។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «តើអ្នកណាទទួលផលប្រយោជន៍ពីការស្លាប់របស់ កែម ឡី? រាជរដ្ឋាភិបាល និងគណបក្សប្រជាជន ជាអ្នកខាតបង់ ដោយសារគេថាយើងជាអ្នកសម្លាប់។ ហេតុអីបានជាប្អូនរបស់ កែម ឡី យុវជន ១០០រាត្រី របស់ កែម ឡី ចូលមកជាមួយគណបក្សប្រជាជនអស់ហើយ ព្រោះគេមិនជឿទៅលើការបោកប្រាស់ពួកចង្រៃអស់ហ្នឹង»។

សម្តេច បន្ដថា ក្រុមប្រឆាំង បានធ្វើអាជីវកម្មនយោបាយលើមរណភាពរបស់លោក កែម ឡី។ សម្តេច ថា សូម្បីមរណភាពលោក ប៉ែន សុវណ្ណ ក៏ក្រុមប្រឆាំងបានកេងចំណេញនយោយបាយ រហូតរត់ចោលរោងបុណ្យថែមទៀត។ សម្តេច ក៏ចំអកថា ក្រុមប្រឆាំងពូកែទាញប្រយោជន៍ពី «ខ្មោច» សូម្បី «ខ្មោចឆ្កែ» ក៏ទាញប្រយោជន៍ដែរ។

សូមរំលឹកថា លោក កែម ឡី ជាអ្នកវិភាគនយោបាយឯករាជ្យ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីថ្ងៃទី៩ ខែកក្ដដា ឆ្នាំ២០១៦ នៅស្ថានីយចាក់សាំងមួយកន្លែង ក្នុងរាជធានីភ្នំពេញ៕

To Top