ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់ឧកញ៉ារក្សាកិត្តិយស័ព្ទ កិត្តិនាម និងសេចក្តីថ្លៃថ្នូរជាឧកញ៉ា ឱ្យស័ក្តិសមនឹងការទុក ព្រះទ័យរបស់ព្រះមហាក្សត្រ។
ក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចម្រើនលូតលាស់របស់ជាតិប្រកបដោយថាមវន្ត មិនអាចកាត់ផ្តាច់ពីការរួមចំណែករបស់អ្នកឧកញ៉ា ឧកញ៉ា និងជនរួមជាតិនោះឡើយ។
សម្តេចតេជោ គូសបញ្ជាក់ថា “សូមអំពាវនាវដល់ឧកញ៉ារក្សាកិត្តិយស័ព្ទ កិត្តិនាម និងសេចក្តីថ្លៃថ្នូជាឧកញ៉ា ឱ្យស័ក្តិសមនឹងការទុកព្រះទ័យរបស់ព្រះមហាក្សត្រ។ អំពាវនាវដល់ឧកញ៉ាត្រូវប្រកៀកស្មាជាមួយរាជរដ្ឋាភិបាល ត្រួសត្រាយកម្ពុជា ឆ្ពោះទៅកាន់ភាពរុងរឿង កាត់បន្ថយភាពក្រីក្រ និងជួយប្រជាពលរដ្ឋដូចពាក្យស្លោកថា អ្នកមានរក្សាខ្សត់ ដូចសំពតព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន។
សម្តេចតេជោ ក៏បានណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើជាដៃគូដ៏ល្អជាមួយសមាគមឧកញ៉ាកម្ពុជា ដើម្បីសម្រេចបាននូវផែនការ សកម្មភាពបីឆ្នាំរំកិល ដែលបាន កំណត់ ក្នុងអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ស្ដីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។
សម្តេចតេជោ ពិតជាមានមោទនភាពជាទីបំផុត ដែលសមាគមនេះត្រូវបានបង្កើតឡើង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងត្រូវការដៃគូសហការជាយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចឱ្យបាននូវ ចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សម្តេចតេជោ ហ៊ុន សែន មានសង្ឃឹមយ៉ាងមុតមាំថា សមាគមឧកញ៉ាកម្ពុជានឹងក្លាយជាថ្នាលសាបព្រួស និងជាមូលដ្ឋានគ្រឹះនៃបណ្តាញទំនាក់ទំនងសហការដៃគូធុរកិច្ចនិងវិនិយោគធំៗនៅកម្ពុជា ព្រមទាំងជាដៃគូ ពុំអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនតួនាទីរបស់កម្ពុជាឱ្យកាន់តែខ្ពស់លើឆាកពាណិជ្ជកម្មតំបន់ និងសកលលោក៕