ភ្នំពេញ៖ ចំណីស្ពានមួយកន្លែង ក្នុងផ្លូវក្រវាត់ក្រុងទី៣ ដែលឆ្លងកាត់ប្រឡាយ៩៤-៩៥-៩៦ ត្រូវបានក្រុមឈ្មួញមួយក្ដាប់តូចចាក់ដីលុប ឲ្យរួមតូចនាំឲ្យជន់លិច ភូមិសាស្រ្តក្រុងតាខ្មៅ។
ត្រង់ចំណុចនេះ ត្រូវបានមហាជន ដាក់ជាសំនួរថា តើរដ្ឋាភិបាល បានចំណាយថវិកា ជាង២៥០លានដុល្លារ សំរាប់ឲ្យក្រុមឈ្មួញខិលខូច មកបំភ្លិចបំផ្លាញ តាមតែអំពើចិត្តយ៉ាងណា?
មន្រ្តីជំនាញម្នាក់ បានបង្ហើបប្រាប់អង្គភាពសារព័ត៌មាន ដើមអម្ពិល ឱ្យដឹងថា ការចាក់ដីរំលោភចំណីស្ពាននេះ ធ្វើឡើងដោយបុគ្គល សាវ៉ាត ច័ន្ទសង្វា ដែលបានស្នើសុំចាក់ដី បំពេញដីផ្ទាល់ខ្លួនទំហំ ២០ ០០០ម៉ែត្រការ៉េ ជម្រៅ២ម៉ែត្រ ដែលមានទីតាំងនៅភូមិទួលក្រសាំង សង្កាត់ខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្តីជំនាញដដែល បានឱ្យដឹងទៀតថា ទោះបីមានកែសម្រួលយ៉ាងក្ដី តែសូមបុគ្គល សាវ៉ាត ច័ន្ទសង្វា ត្រូវតែកាយដីចេញ ឲ្យបានទំហំប៉ុនមុខស្ពានវិញ (ទំហំដើម) ដើម្បីបើកផ្លូវទឹក បញ្ជៀសបញ្ហាប្រឈមជន់លិចភូមិសាស្រ្ត ក្រុងតាខ្មៅ ទៅថ្ងៃមុខទៀត។
យោងតាមលិខិតមួយច្បាប់ របស់រដ្ឋបាលខេត្តកណ្ដាល ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានឯកភាព តាមសំណើររបស់បុគ្គល សាវ៉ាត ច័ន្ទសង្វា ស្តីពីសំណើសុំចាក់ដី បំពេញដីផ្ទាល់ខ្លួនទំហំ ២០ ០០០ម៉ែត្រការ៉េ ជម្រៅ២ម៉ែត្រ ដែលមានទីតាំងនៅភូមិទួលក្រសាំង សង្កាត់ខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងលិខិតដដែលនោះ រដ្ឋបាលខេត្ត បានណែនាំដល់ បុគ្គល សារ៉ាត់ ច័ន្ទសង្វា ឱ្យអនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម ៖
១.មុនចាក់ដី ត្រូវជូនដំណឹងដល់អាជ្ញាធរ មូលដ្ឋាន និងអ្នកដែលមានដីជាប់ព្រំជាមុន។
២.មុនចាក់ដី ត្រូវដាក់លូ ឬទុកមុខទឹក សម្រាប់ដោះទឹក ក្នុងករណីទីតាំងចាក់ដីពុំមានកន្លែង សម្រាប់ដោះទឹក ជៀសវាងការលិចលំនៅដ្ឋាន និងផលដំណាំរបស់ប្រជាពលរដ្ឋ នៅទីនោះ។
៣.ត្រូវគោរពតាមកិច្ចសន្យា និងចាក់ដីដាក់តែ ទីតាំងដែលបានស្នើសុំតែប៉ុណ្ណោះ ប្រសិនបើចាក់ ដាក់ទីតាំងកន្លែងផ្សេង ត្រូវដាក់ពាក្យស្នើសុំជាថ្មី។
៤.ក្នុងករណី មានការខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ ឬប្រជាពលរដ្ខ ត្រូវធ្វើការជួសជុល ឬ ដោះស្រាយជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ទៅតាមទំហំដែលបានខូចខាតជាក់ស្តែង។
៥. ដីចាក់បំពេញ អនុញ្ញាតិឱ្យអោយទិញអាចម៍ដី ពីម្ចាស់អាជីវកម្ម ដែលមានអាជ្ញាបណ្ណ ពីក្រសួងរ៉ែនិងថាមពល ឬរដ្ឋបាលខេត្ត ស្របតាមច្បាប់ជាធរមាន និងត្រូវគោរពតាមច្បាប់ផ្សេងៗតម្រូវ៕