ភ្នំពេញ៖ ក្រសួងសុខាភិបាល បានធ្វើណែនាំពីវិធានការសុខាភិបាលបន្ដ សម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈ សម្រាប់បង្ការការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដែលអាចកើតមាននាពេលខាងមុខ។
បើតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាថ្ងៃ១២ មិថុនា គូសបញ្ជាក់ឲ្យសាធារណជនបន្តវិធានការ ៣ការពារ និង៣កុំ និងបន្ដចាក់វ៉ាក់សាំងកូវីដ-១៩ ។
ការចេញមកជាថ្មីអំពីការណែនាំ របស់ក្រសួងសុខាភិបាលខ្មែរនេះ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានសម្រេចប្រកាសនៅថ្ងៃ៥ ឧសភាកន្លងមកថា «កូវីដ-១៩ គឺបច្ចុប្បន្ននេះ នៅជាបញ្ហាសុខភាពដែលបានកើតឡើងហើយ និងនៅជាបន្តទៀត តែលែងបង្កើតជាភាពអាសន្នសុខភាពសាធារណៈ ដែលជាកង្វល់អន្តរជាតិទៀតហើយ» ។
WHO ក៏បានផ្ដល់អនុសាសន៍ ណែនាំមួយចំនួនជាបណ្ដោះអាសន្ន ដល់បណ្តាប្រទេសជាសមាជិកទាំងអស់ សម្រាប់ការគ្រប់គ្រងរយៈពេលវែង នៃវិបត្តិរាតត្បាតនៃវីរុសកូវីដ-១៩នេះផងដែរ ដោយត្រូវគិតគូរពីផែនការ យុទ្ធសាស្ត្រត្រៀមលក្ខណៈ និងឆ្លើយតបវិបត្តិកូវីដ ពីឆ្នាំ២០២៣-២០២៥ ចាប់ពីក្នុងដំណាក់កាលអន្តរកាលនេះ៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									