ភ្នំពេញ ៖ បន្ទាប់ពីជជែងពិភាក្សាគ្នារួចសមាជិករដ្ឋសភាបានលើកដៃអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង សេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញ។
សេចព្រាងទាំងពីរនេះ អនុម័តក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពសម្តេចហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១២ មិថុនាដោយមានវត្តមានសមាជិកសមាជិការចំនួន ៩៩រូប។
សេចក្តីព្រាងច្បាប់ទាំងពីរសុទ្ធសឹងតែមានសារសំខាន់នៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសង្គមជាតិ លើកកម្ពស់សុខុភាពសាធារណៈ និងការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ។
សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការរស់នៅជាប្រចាំរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសទាក់ទងនឹងការចុះបញ្ជីកំណើត មរណភាព និងអាពាហ៍ពិពាហ៍។
សេចក្តីព្រាងច្បាប់នេះ មាន១២ជំពូក និង១៨២មាត្រា។
ចំណែក សេចក្តីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ មានគោលបំណង កំណត់អំពីគោលការណ៍ និងវិធានដើមកំណើតនៃទំនិញនាំចេញនិងទំនិញនាំចូល ជំរុញនិងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ធានានូវដើមកំណើតទំនិញរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងជំរុញការនាំចេញផលិតផលកម្ពុជា ព្រមទាំងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។
សេចក្តីព្រាងច្បាប់នេះ មាន ៩ជំពូក និង ៣៥មាត្រា៕