ព័ត៌មានជាតិ

ប្រធានសភាសម្ព័ន្ធ សហជីពជាតិកម្ពុជាមើល ឃើញថា ទុក្ខលំបាករបស់ កម្មករនិយោជិតជាច្រើន ត្រូវបានកាត់បន្ថយក្រោយពេល មានជំនួបជាមួយសម្តេចតេជោ ហ៊ុនសែន

ភ្នំពេញ៖ លោកសួង ហួតប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានមានបានវាយតម្លៃ និងមើលឃើញថា ទុក្ខលំបាករបស់កម្មករនិយោជិតជាច្រើនត្រូវបានកាត់បន្ថយក្រោយពេលមានជំនួបជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ ខណៈដែលជំនួបនេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីបងប្អូនកម្មករនិយោជិតនៅទូទាំងប្រទេស។

លោកសួង ហួតមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិននៅរសៀលថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៣ថា ការចុះជួបរបស់សម្តេចនេះដូចសម្តេចលោកបានបញ្ជាក់ជាច្រើនដងហើយថា គឺដើម្បីចុះពិនិត្យនិងតាមដានអំពីការវិវត្តនៃសុខទុក្ខរបស់បងប្អូនកម្មករ និយោជិត និងដើម្បីរកឱ្យឃើញបញ្ហាហើយអាចដោះស្រាយទាន់ពេលវេលាជូនបងប្អូនកម្មករនិយោជិតរបស់យើង។

លោកប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានលើកឡើងនូវ អត្ថប្រយោជន៍មួយចំនួនដែលកម្មករទទួលបានតាមរយៈជំនួបនេះមាន៖ -ការដំឡើងប្រាក់ឈ្នួលអប្បបរិមាជារៀងរាល់ឆ្នាំតាមរយៈការបង្កើតគណកម្មាធិការជាតិ ប្រាក់ឈ្នួល – ការបើកប្រាក់ខែចំនួន ២ដងក្នុង១ខែ -ការតម្រូវឱ្យនិយោជកបង់ថ្លៃធានារ៉ាប់រងសុខភាពនិងគ្រោះថ្នាក់ការងារ១០០%ជំនួស កម្មករ និយោជិត -ការអនុញ្ញាតឱ្យជនពិការភាព មានសិទ្ធិចេញមុនម៉ោង ១៥ នាទីដូចស្ត្រីមានផ្ទៃពោះដែរ -ការអនុញ្ញាតឱ្យកម្មករ ជនជាតិឥស្លាមអាចស្លៀកពាក់ខោអាវប្រពៃណីរបស់ខ្លួន ទៅធ្វើការ -កម្មករទទួលបាននូវប្រាក់សោធននិវត្តន៍ដូចមន្ត្រីរាជការដែរ -ការទូរទាត់ប្រាក់អតីតភាពជូនកម្មករនិយោជិត និងការដំឡើងកម្រិតប្រាក់ឈ្នួល ដែលត្រូវជាប់ពន្ធរហូតដល់១លាន២ សែនរៀលជាដើម។

លោកបានបញ្ជាក់ទៀតថា ក្រោយជួបសម្តេចតេជោ គឺកម្មករដែលមានផ្ទៃពោះត្រូវបានអនុញ្ញាតចេញមុនម៉ោង១៥ នាទី -នៅមុនពេលជួប ស្ត្រីមានផ្ទៃពោះ ពេលទៅពិនិត្យផ្ទៃពោះម្ដងៗគឺត្រូវ បង់ថ្លៃពិនិត្យផ្ទៃពោះ បន្ទាប់ពីជំនួបហើយ ពួកគាត់ទៅពិនិត្យផ្ទៃពោះលែងអស់លុយហើយថែមទាំងទទួលបានលុយត្រឡប់មកវិញចំនួន៤ម៉ឺនរៀល -ចាប់ពីខែសីហា ២០២៣ ខាងមុខនេះកម្មករ អាចទៅពិនិត្យផ្ទៃពោះចំនួន១០ ដង ហើយម្ដងគាត់និងទទួលបានលុយ២០ដុល្លារ រហូតដល់កូនអាយុ២ឆ្នាំ -មុនជួបក្នុងថ្ងៃសម្រាលកូនកម្មករមិនទទួលបានថវិកា២០ម៉ឺនទេ ក្រោយពីជួបកម្មករនិងទទួលបាន២០ម៉ឺន ហើយចាប់ពីខែសីហាទៅគាត់និងទទួលបាន ៤០ម៉ឺន-សម្រាកលំហែមាតុភាពទទួលបានការឈប់សម្រាក ៩០ ថ្ងៃ ហើយទទួលបានប្រាក់ឧបត្ថម្ភ៥០% ក្រោយជួប គាត់សម្រាកបាន៩០ ថ្ងៃនិងទទួលបានការឧបត្ថម្ភ១២០% ក្នុងនោះ ៧០%បានពី ប.ស.ស និងមុនពេលជួប ស្ត្រីឆ្លងទន្លេមិនបានទទួលប្រាក់ឧបត្ថម្ភទេ ក្រោយជួប កម្មករទទួលបាន ក្នុងកូន១ ចំនួន៤០ម៉ឺន កូនភ្លោះ២ ចំនួន ៨០ម៉ឺន និងកូនភ្លោះ៣ចំនួន ១លាន២សែន បូកនិង៥លានពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន។
ជាមួយនឹងការចុះជួបផ្ទាល់រវាងកម្មការិនីនេះដែរ ប្រមុខនៃរាជរដ្ឋាភិបាល ក៏បានណែនាំដល់ក្រសួងការងារ ម្ចាស់រោងចក្របង្កើតកន្លែងសម្រាប់បំបៅកូនជូនស្ត្រីដែលជាកម្មការិនីមានកូនតូច, កន្លែងទទួលទានអាហារ, បង្កើតនូវមជ្ឈមណ្ឌលការពារសុខភាពរបស់កម្មករ កម្មការិនីនៅតាមរោងចក្រ ព្រមទាំង អត្ថប្រយោជន៍ផ្សេងៗទៀតសម្រាប់កម្មករ កម្មការិនី។

សូមរំលឹកថាកាលពីឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់កម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនានានៅទូទាំងប្រទេស។ ការចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាមរោងចក្រសហគ្រាសនេះ សម្តេចតេជោ មានគោលដៅស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី ហើយ ឆ្លើយតបនូវតម្រូវការរបស់ពួកគេ។ គោលដៅពិសេសនោះ សម្តេចតេជោ ចង់បង្កើតឱ្យ មានភាពសុខដុមនៅតាមរោងចក្រ សហគ្រាសតែម្ដង ដើម្បីធានាភាពប្រសើរនៃច្រវាក់ផលិតកម្មកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច ដែល បានសម្រួលដល់បរិយាកាសវិនិយោគ,ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍និងកិច្ចគាំពារសង្គមយ៉ាងច្រើន ដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នអនុវត្ត បានជោគជ័យ៕

To Top