ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ប្រកាសឱ្យប្រើប្រាស់នូវផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ២០២៣-២០២៧

ភ្នំពេញ​ ៖​ ដេីម្បី​ឆ្លើយតប និងគាំទ្រនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល រយៈពេល៥ឆ្នាំ (២០២៣-២០២៧) ដើម្បីពង្រឹងប្រសិទ្ធភាពការងារ លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសន្តិសុខជាតិឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ តម្លាភាព និងស័ក្តិសិទ្ធិភាព តាមរយៈបច្ចេកវិទ្យាឌីជីថល។

សូមបញ្ជាក់ថា​ ការសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ២០២៣-២០២៧នេះ បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងដឹកនាំតម្រង់ទិស និងយកចិត្តទុកដាក់ខ្ពស់អស់ពីកម្លាំងកាយចិត្តរបស់ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍​ និងព័ត៌មាន ដឹកនាំដោយលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ​ ក្រសួងមហាផ្ទៃ។

ផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថលនេះមាន ៦យុទ្ធសាស្រ្តសំខាន់ៗរួមមាន៖ ទី១.យុទ្ធសាស្រ្តបណ្តុះបណ្តាលធនធានមនុស្ស និងបញ្រ្ជាបចំណេះដឹង, ទី២.យុទ្ធសាស្រ្តកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ, ទី៣.យុទ្ធសាស្រ្តពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា (Cyber security and Cybercrime), ទី៤.យុទ្ធសាស្រ្តស្រាវជ្រាវ អភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យា, ទី៥.យុទ្ធសាស្រ្តពង្រឹងគុណភាពការងារ និងការផ្តល់សេវាសាធារណៈ, ទី៦.យុទ្ធសាស្រ្តអភិបាលកិច្ចបច្ចេកវិទ្យា៕

To Top