ភ្នំពេញ ៖ បន្ទាប់ពីពិភាក្សាគ្នារួចមក សមាជិកព្រឹទ្ធសភាដែលចូលក្នុងអង្គប្រជុំបានលើកដៃអនុម័តទាំងស្រុងលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។
ការអនុម័តនេះ ធ្វើឡើងក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោមធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាចំនួន៦០រូប។
សេចក្តីព្រាងនេះ តាក់តែងឡើងដើម្បីប្រមូលផ្តុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមានពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្មសុខដុមនីយកម្ម និងទំនើបកម្មឲ្យមានភាពជាក់ស្តែងនិយម សង្គតិភាព វិសាលភាព ទូលំទូលាយគ្រប់ជ្រុងជ្រោយ និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទប្បញ្ញត្តិគោលដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារ និងតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងបរិបទរីកចម្រើននៃសង្គមកម្ពុជាថ្មី។
សេចក្តីព្រាងច្បាប់នេះមាន១២ជំពូក និង៨៦៥មាត្រា ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមចំនួន៩៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ។
ចំណែក សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ក្មានគោលបំណងពង្រឹងតភ្ជាប់សេដ្ឋកិច្ច និងការផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន បង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារ និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ កាត់បន្ថយការរឹតត្បិត ចំពោះពាណិជ្ជកម្មសេវាកម្ម និងបង្កើតបរិយាកាសពាណិជ្ជកម្ម។
សេចក្តីព្រាងច្បាប់នេះមាន២មាត្រា ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមចំនួន៩៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៣ ៕









