ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតាជូនពលរដ្ឋ គឺទុកជាឯកសារដ៏សំខាន់សម្រាប់បោះឆ្នោត

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋ គឺជាការផ្តល់ជូនឯកសារគតិយុត្តមួយដ៏សំខាន់ ដើម្បី ចូលរួមការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា នាថ្ងៃ១៣ មិថុនា សម្តេច ស ខេង មានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលដៅពិនិត្យចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងបទពិសោធន៍ ដើម្បីមានមូលដ្ឋានដាក់ចេញទិសដៅបន្ត និងវិធានការសំខាន់ៗសម្រាប់បម្រើការងារបោះឆ្នោត ជូនប្រជាពលរដ្ឋនៅឆ្នាំខាងមុខ ជាពិសេសឆ្នាំ២០២៧ និង២០២៨ ដែលជាឆ្នាំនៃការរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៦ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៨។

សម្តេចបញ្ជាក់ថា «ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ជូនដល់ប្រជាពលរដ្ឋ គឺជាការផ្តល់ជូននូវឯកសារគតិយុត្តមួយដ៏សំខាន់ ជាពិសេសយោងតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានកំណត់យកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីចុះឈ្មោះបោះឆ្នោត និងចូលរួមក្នុងការបោះឆ្នោត ។ ក្នុងនោះក្រសួងមហាផ្ទៃ បានដាក់ចេញផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣»។

សម្ដេចបន្ថែមថា ក្រសួងមហាផ្ទៃ ក៏បានបង្កើតក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ព្រមទាំងណែនាំដល់ថ្នាក់ក្រោមជាតិ ក្នុងការជំរុញការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពបានប្រើប្រាស់។

ឆ្លៀតឱកាសនោះ លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា បានលើកឡើងថា អំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាពប្រើប្រាស់ប្រមាណ ១.៧២៧.០៩៤សន្លឹក ខណៈការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើងគិតចាប់ពីឆ្នាំ២០១២ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចំនួនសរុប ១២.៧៩៣.៦៧៩ ទិន្នន័យ។

លោកឲ្យដឹងដែរថា ការផ្តល់ជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចំនួន ៩២៩.៨១៦ ស្មើ៥៤% លើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពក្នុងឆ្នាំ២០២២ និងត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានចំនួនសរុប ១.៧២៧.០៩៤ នាក់ ហើយចំនួនដែលនៅបន្តផ្តល់ជូនមាន ៧៩៧.២៧៩ នាក់៕

To Top