ព័ត៌មានជាតិ

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ឲ្យទប់ស្កាត់ជំងឺគ្រុនឈាម ដោយសារដើមឆ្នាំ២០២៣ មានជាង៣ពាន់ករណី

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាមនៅប្រទេសកម្ពុជា ព្រោះគ្រាន់តែត្រឹមដើមឆ្នាំ២០២៣ ជំងឺនេះមានចំនួន ៣.៤៣៩ករណី។

តាមរយៈសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល នាថ្ងៃ១៣ មិថុនា បានឲ្យដឹងថា ជំងឺគ្រុនឈាមក្នុងអំឡុង២១សប្តាហ៍ ដើមឆ្នាំ២០២៣ នេះ មានចំនួន ៣.៤៣៩ករណី។

យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ បានបញ្ជាក់ថា ការចម្លងបានចាប់ផ្តើមកើនឡើងនៅតាមភូមិ-ឃុំ និងទីប្រជុំជននៃបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តដែលមានការដ្ឋានសំណង់ច្រើន និងមានប្រជាជនរស់នៅច្រើនកុះករ។

ក្រសួងបន្ដថា កំណើននៃករណីជំងឺគ្រុនឈាមនាពេលនេះ តម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ក្នុងការពង្រឹងអនុវត្តវិធានការការពារសុខភាពបានល្អ ចៀសផុតពីការឆ្លងជំងឺគ្រុនឈាម ដោយសារសត្វមូសខ្លាញីខាំដែលបានកើតឡើងដោយសារពពួកដង្កូវទឹក។

ដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមធំធេងក្នុងសហគមន៍ ឲ្យកាន់តែមានប្រសិទ្ធភាពនោះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា «សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរ ជាប្រជាជនគំរូមួយរូប ស្របនឹងពាក្យស្លោក ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មាន ដង្កូវទឹក»។

លោករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ក្រសួងមន្ទីរ ឬអង្គភាពពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ដៃគូសុខាភិបាល សហគមន៍ជាតិ និងអន្តរជាតិទាំងអស់ បន្តចូលរួមជួយអន្តរាគមន៍ និងសហការ ពេញលេញ ព្រមទាំងបន្តជួយឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ និងបញ្ចៀសបានទាន់ពេលវេលានូវហានិភ័យរាតត្បាតទ្រង់ទ្រាយធំជាយថាហេតុនៃជំងឺគ្រុនឈាម៕

To Top