ព័ត៌មានជាតិ

សម្តេចតេជោ៖ រាជ្យបុត្រ សូរ្យកាយ្យ ចេញមកសុំទោសជាសាធារណៈ និងកំពុងរៀបចំមកខ្មែរវិញ (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា រាជ្យបុត្រ សូរ្យកាយ្យ ដែលជាសកម្មជន គាំទ្រគណបក្សប្រឆាំង បច្ចុប្បន្នកំពុងស្នាក់នៅកូរ៉េខាងត្បូង បានចេញមកសុំទោស នូវរាល់កំហុសឆ្គងរបស់ខ្លួននាពេលមក ហើយក៏បាននិងកំពុងរៀបចំខ្លួនវិល មកស្រុកខ្មែរ ដែលជាភូមិកំណើតខ្លួនផងដែរ ។

រាជ្យបុត្រ សូរ្យកាយ្យ មានឈ្មោះដើមពិតប្រាកដ គឺ ទឹម សុជា ជាអ្នកគាំទ្រផ្កាប់មុខ របស់បក្សប្រឆាំង នៅក្រៅប្រទេស ។

ចំពោះខ្លឹមសារ នៃការសុំទោសយ៉ាងណាដែលកន្លងមកធ្លាប់ប្រមាថ ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាជាដើមនោះ សម្តេចតេជោ មិនបានបញ្ជាក់ពីមូលហេតុអ្វីច្រើននោះទេ គ្រាន់តែសម្តេចបានបញ្ចេញសារយ៉ាងខ្លី តាមបណ្តាញតេឡេក្រាម នាមុននេះបន្តិច រសៀលថ្ងៃ១៤ មិថុនា ថា “កូនទឹម សុជា ដែលជាអ្នកលេងហ្វេសបុក Facebook ឈ្មោះរាជ្យបុត្រ សូរ្យកាយ្យបានធ្វើវីដេអូសម្តែងការសោកស្តាយ និងសុំទោស ចំពោះកំហុស ដែលបានកើតកន្លងមក” ។

ចំពោះការប្រកាសសុំទោស ពីអតីតយុវជនជាអ្នកគាំទ្របក្សប្រឆាំងនេះ សម្តេចបានស្វាគមន៍ការវិលត្រឡប់មកស្រុកកំណើតវិញ ។ សម្រាប់រឿងពីអតីតកាល សម្តេចថា “ទុកវាដោយឡែកទៅចុះ” ។

សម្តេចបានហៅយុវជននេះថា “កូនរៀបចំខ្លួនមកនៅស្រុកយើងវិញ ដែលទឹកដីនេះក៏ជារបស់កូនម្នាក់ដែរ ។ មាតុភូមិកម្ពុជា ជារបស់ប្រជាជនកម្ពុជា គ្រប់រូប” ៕

To Top