ព័ត៌មានជាតិ

ប្រព័ន្ធគ្រប់គ្រង ព្រំដែនកម្ពុជា ដើរតួនាទីសំខាន់ សម្រួលបែបបទ អ្នកដំណើរចេញ-ចូលប្រទេស

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេស៍ បានឲ្យដឹងថា ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ហៅកាត់ថា CBMS នេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលបែបបទអ្នកដំណើរចេញ-ចូលប្រទេស ដូចជា រក្សាទុកទិន្នន័យអាចបម្រើដល់កិច្ចការ ជំនាញផ្សេងទៀត ។

ក្នុងឱកាសចូលរួមប្រជុំ ស្តាប់របាយការណ៍ ស្តីពីសំណើសុំផ្លាស់ប្តូរ ឧបករណ៍បច្ចេកទេស បំពាក់បន្ថែមឧបករណ៍ផ្ទុកទិន្នន័យ និងកែសម្រួល ដើម្បីលើកកម្ពស់កម្មវិធីផ្នែកទន់ នៃប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា នាថ្ងៃ១៤ មិថុនា នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា «ប្រព័ន្ធគ្រប់គ្រងព្រំដែន កម្ពុជា CBMS នេះ គឺបានដើរតួនាទីយ៉ាងសំខាន់ ជូនដល់អគ្គនាយកអន្តោប្រវេសន៍ ធ្វើជាសេនាធិការ ជូនដល់ក្រសួងមហាផ្ទៃ ក្នុងការសម្រួលបែបបទ អ្នកដំណើរចេញចូលប្រទេស ក៏ដូចជាការរក្សាទុកទិន្នន័យ ដែលអាចបម្រើដល់កិច្ចការជំនាញផ្សេងទៀត»។

នាយឧត្តមសេនីយ៍បន្ថែមថា ក្នុងការដាក់ឲ្យដំណើរការដំបូង ប្រព័ន្ធនេះបានបំពាក់ឲ្យប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែន អន្តរជាតិទាំង២៤ និងបានធ្វើការបំពាក់ បន្ថែមដល់ប៉ុស្តិ៍ច្រកទ្វារ ដែលទើបនឹងបង្កើតថ្មីចំនួន៣ទៀត សរុបច្ចុប្បន្នបានបំពាក់ឲ្យ ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែន អន្តរជាតិ សរុបចំនួន២៧ ។ នាយឧត្តមសេនីយ៍បន្តថា សម្រាប់ប្រព័ន្ធ CBMS នេះមានមុខងារសំខាន់ៗជាច្រើន ដែលបានបម្រើសកម្មភាព និងកិច្ចការងារនាពេលកន្លង មករបស់អគ្គនាយកដ្ឋាន។

លើសពីនេះទៅទៀត នាយឧត្តមសេនីយ៍ ក៏បានលើកឡើងបន្ថែមពីកិច្ចការជំនាញចាំបាច់ និងបញ្ហាប្រឈមមួយចំនួន នៅសេសសល់របស់អគ្គនាយកដ្ឋាន ដើម្បីសម្រួល និងជម្រុញលើការងារគ្រប់គ្រង របស់អគ្គនាយកដ្ឋានកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

សូមរំលឹកថា ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា មានសមត្ថភាពត្រួតពិនិត្យឯកសារធ្វើដំណើរក្លែងបន្លំ និងក្លែងក្លាយ ការរក្សាផ្ទៀងផ្ទាត់ជាមួយបញ្ជីមុខសញ្ញា ផ្ទៀងផ្ទាត់ផ្ទៃមុខជាក់ស្ដែង ជាមួយរូបថតខាងក្នុង របស់លិខិតឆ្លងដែន ការរក្សាទុក និងផ្ទៀងផ្ទាត់ក្រយ៉ៅដៃ ការរក្សាទុកទិន្នន័យប្រវត្តិធ្វើដំណើរ និងទិន្នន័យដំណើរ ចេញ-ចូល ដោយមានបំពាក់ឧបករណ៍សំខាន់ៗ ដូចជា ៖ ម៉ាស៊ីនមេមជ្ឈមណ្ឌលកណ្ដាល (HQ Server) , ម៉ាស៊ីនមេតាមបណ្ដាប៉ុស្ដិ៍ ច្រកទ្វារអន្ដរជាតិ , ឧបករណ៍បំពេញការងារក្នុងបញ្ជរ និងត្រួតពិនិត្យ ចល័តតាមកំពង់ផែជាដើម ៕

To Top