ព័ត៌មានជាតិ

សមាគមវារីវប្បករកម្ពុជា សាទរនឹងគម្រោង នាំចេញ អន្ទង់ ខ្យង ទៅប្រទេសចិន

ស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថា ថ្មីៗនេះ រដ្ឋបាលគយនៃប្រទេសចិនបានធ្វើបច្ចុប្បន្នភាពអំពី “ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស” បានឱ្យដឹងថា ក្រុមហ៊ុននាំចេញផលិតផលជលផលធម្មជាតិដំបូងគេនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់ការត្រួតពិនិត្យនិងត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយ ហើយក្រុមហ៊ុនខាងលើបានចុះបញ្ជីដោយជោគជ័យនៅក្នុងប្រព័ន្ធ”ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស”។ រហូតមកដល់បច្ចុប្បន្ននេះ ផលិតផលជលផលធម្មជាតិនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយគេបង្អស់ក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចសម្រេចបាននូវការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។
ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតនិងចុះបញ្ជីនាំចេញផលិតផលជលផលធម្មជាតិទៅកាន់ប្រទេសចិនគឺ៖ ក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation ដែលអាចនាំចេញផលិតផលជលផលធម្មជាតិសំខាន់ៗចំនួន១២ប្រភេទមានដូចជា បង្គា ត្រី អន្ទង់ និងខ្យងជាដើម។

ទាក់ទងនឹងដំណឹងនេះដែរ លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាសមាគមវារីវប្បករកម្ពុជាបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ថា នេះគឺជាដំណឹងដ៏រីករាយ និងមោទនភាព ដោយសារតែប្រទេសចិនគឺជាទីផ្សារដ៏ធំ។

«អញ្ចឹង យើងអបអរសាទរចំពោះដំណឹងល្អនេះ ហើយខ្ញុំ ក្នុងនាមជា អ្នកតំណាងម្នាក់ នៅក្នុងសមាគមវារីវប្បករ តំណាងឲ្យអ្នកចិញ្ចឹមជាពិសេស យើងរីករាយចំពោះការផ្តល់ឱកាសដំបូង ហើយសង្ឃឹមថា ទៅមុខទៀត នឹងមានផលិតផ្សេងៗទៀត នៅក្នុងវិស័យវារីវប្បកម្ម អាចនឹងយកទៅទីផ្សារចិន ដោយសារទីផ្សារចិនធំ ដូច្នេះយើងសប្បាយរីករាយ នៅពេលលឺថា ខាងភាគីចិន ប្រជាពលរដ្ឋចិន ក៏ដូចជា រដ្ឋចិន លោកផ្តល់ឱកាសឲ្យយើង មានលទ្ធភាពនាំផលិតផលទៅហ្នឹងគឺជាសេចក្តីសង្ឃឹមធំ»។

លោកបានបន្តថា បន្ទាប់ពីបានដឹងដំណឹងនេះ លោកក៏បានជួបជជែកជាមួយប្រជាកសិករ ដើម្បីត្រៀមខ្លួនគិតគួរពីបច្ចេកទេសនៃការចិញ្ចឹមផលិតផលទាំងនេះ ឲ្យស្របតាមស្តង់ដា ដែលភាគីចិនចង់បាន ដើម្បីពន្លឿនការនាំចេញ។

«មិនពិបាកទេ ចិញ្ចឹមខ្យង ចិញ្ចឹមខ្ចៅ អន្ទង់ យើងអាចធ្វើបាន តាមរបៀបធម្មជាតិ ព្រោះ នៅស្រុកយើង មានសក្តានុពលល្អ ទឹក ដី ល្អសម្បត្តិធម្មជាតិល្អ ដីយើង ទឹកយើង នៅក្នុងស្រុក អត់មានប្រឡាក់ប្រលូកដោយជាតិគីមីអីច្រើនទេ»។

យ៉ាងណាក៏ដោយ លោកក៏សង្ឃឹមថា ក្រសួងកសិកម្មនឹងជួយលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការចិញ្ចឹម ដើម្បីនាំចេញទៅប្រទេសចិន។

«ជាពិសេស ក្រសួងកសិកម្ម ធ្វើយ៉ាងម៉េច ឲ្យមានកិច្ចសន្យា ឬការជំរុញ ជាមួយភាគីចិន ឬភាគីពាក់ព័ន្ធ ផ្តល់ការកក់ក្តៅ និងឲ្យមានការជំរុញ នោះយើងនឹងធ្វើបាន»

លោក សុខ រ៉ាដែន បានឲ្យដឹងដែរថា ការបើកទីផ្សារជាបន្តបន្ទាប់ពី សម្រាប់ផលិតផលកសិកម្មកម្ពុជា នាំចេញទៅប្រទេសចិនគឺកើតចេញពីទំនាក់ទំនងដ៏ល្អ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

«ដោយសារមានទំនាក់ទំនង ជាហូរហែរ តាំងពីដើមក ជាប្រវត្ថិសាស្ត្រ តាំងពីជំនាន់សម្តេចតាមក ចិនបានជួយរហូត ឃើញថា គាត់បានសង់ស្ពាន ផ្លូវហេដ្ឋារចនាសម្ព័ន្ធ អញ្ចឹង ដោយសារទំនាក់ទំនងល្អរវាងរដ្ឋនិងរដ្ឋ ក៏ដូចជាប្រជាជនយើងមានប្រពៃណីល្អហ្នឹងហើយ បានខាងចិនផ្តល់ឱកាស ដែលនេះគឺជាចំណងមិត្តភាពដ៏ល្អ ដែលផ្តល់ឱកាសកក់ក្តៅ ជាពិសេស ភាគីចិនបានជួយយើងច្រើន ឃើញមានសមិទ្ធផលហូរហៀរមក ដូច្នេះ យើងមានការត្រេកអរ ចំពោះសមិទ្ធផលទាំងនេះ»។

គួររំឭកដែលថា នាខែវិច្ឆិកាឆ្នាំ២០២២ ចិននិងកម្ពុជាបានចុះហត្ថលេខារួមគ្នាលើពិធីសារស្តីពីលក្ខខណ្ឌ តម្រូវការត្រួតពិនិត្យ និងអនាម័យផលិតផលជលផលធម្មជាតិក្នុងការនាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ។ នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុននាំចេញដែលពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់ការចុះបញ្ជីនៅក្នុងប្រព័ន្ធ”ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស”របស់រដ្ឋបាលគយនៃប្រទេសចិន។ ផលិតផលជលផលធម្មជាតិបានក្លាយជាផលិតផលប្រភេទទី២នៃវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២៣នេះ៕ អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន

To Top