ព័ត៌មានជាតិ

ប.ស.ស. នឹងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ខ្លួន ឱ្យស្របតាមភាពរីកចម្រើននៃបច្ចេកវិទ្យាទំនើប

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុន HITACHI នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិ សន្តិសុខសង្គម តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ប.ស.ស. នឹងធ្វើការអភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ខ្លួនឱ្យកាន់តែមាន លក្ខណៈល្អប្រសើរ ស្របទៅតាមភាពរីកចម្រើន នៃបច្ចេកវិទ្យាទំនើប។

ក្នុងជំនួបពិភាក្សា ស្តីពីប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ខាងលើនេះ លោកបណ្ឌិតអគ្គនាយករង និងសហការីតំណាង ប.ស.ស. បានពិភាក្សាយ៉ាងលម្អិតជាមួយតំណាងក្រុមហ៊ុន HITACHI អំពីគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) សម្រាប់អភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ ប.ស.ស. ដើម្បីរកចំណុចល្អប្រសើរ សម្រាប់ការអភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ប្រកបដោយប្រសិទ្ធភាពខ្ពស់។

គួរឱ្យដឹងផងដែរថា ជំនួបពិភាក្សាខាងលើនេះ បានធ្វើការពិភាក្សាលើចំណុចសំខាន់ៗរួមមាន ៖

-ចែករំលែកអំពី ស្ថានភាពនៃគម្រោង HAPPINESS (platform) នៃប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃរបបសន្តិសុខសង្គម

-លទ្ធផល នៃការចុះមកសិក្សាស្រាវជ្រាវ អំពីលទ្ធភាព និងលទ្ធផលនៃភាពជាន់គ្នា រវាងជំនួយឧបត្ថម្ភរបស់អង្គការនានា ជាមួយនឹងគម្រោង ODA សម្រាប់ប្រព័ន្ធ ICT របស់ទីភ្នាក់ងារ JICA

-ពិភាក្សាអំពីផែនការសកម្មភាព ក្នុងគោលបំណងដើម្បីអភិវឌ្ឍគម្រោង HAPPINESS នៅឆ្នាំ២០២៥​ និង

– កិច្ចពិភាក្សាបញ្ហាប្រឈមនានាផងដែរ។

សូមបញ្ជាក់ថា៖ ជំនួបប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួម ពីថ្នាក់ដឹកនាំបេឡាជាតិសន្តិសុខសង្គម រួមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ដែលជាតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (HITACHI ) ជាច្រើនរូបផងដែរ៕

To Top