ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែង។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ គឺជាការទទួលស្គាល់ នៃកម្រិតអប់រំដ៏ខ្ពង់ខ្ពស់បំផុត របស់សាកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ ដែលត្រូវផ្ដល់ជូនដល់ឥស្សរៈជន ឬបុគ្គលឆ្នើមដែលមានកិត្តិយសខ្ពង់ខ្ពស់ និងមានការទទួលស្គាល់ ពិសេសចំពោះសមិទ្ធដ៏សំខាន់ៗ ស្របតាមបេសកកម្មរបស់ សាកលវិទ្យាល័យ។

លោករដ្ឋមន្ដ្រីបន្ដថា ក្រោយពីទទួលបានសំណើជាផ្លូវការ ក្នុងការប្រគល់សញ្ញាបត្រ បណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ជូនបេក្ខជន សម្ដេច ស ខេង គណៈកម្មាធិការវាយតម្លៃថ្នាក់បណ្ឌិត និងក្រុមប្រឹក្សាវិទ្យាសាស្ដ្រ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ បានរៀបចំកិច្ចប្រជុំវាយតម្លៃយ៉ាងយកចិត្តទុកដាក់ ដោយផ្អែកលើចំណុចសំខាន់ៗ ដូចជា ៖ សមិទ្ធផល និងវិជ្ជាជីវៈផ្ទាល់ខ្លួនរបស់សម្ដេច , ភាពច្នៃប្រឌិត និងលេចធ្លោក្នុងការបម្រើសង្គមជាតិ , ភាពជាអ្នកដឹកនាំវិជ្ជាជីវៈ និងសង្គម , ភាពល្បីល្បាញនៅថ្នាក់ជាតិ តំបន់ និងអន្ដរជាតិ លើវិស័យដែលបានស្នើឡើង, ការតាំងចិត្ត និងការអនុវត្តកន្លងមកចំពោះការអភិវឌ្ឍជាតិ និងការអប់រំ, ការឆ្លុះបញ្ចាំងពីបេសកកម្ម នូវតម្លៃស្នូរ តម្លៃបញ្ញា និងស្មារតីរបស់ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។

លោករដ្ឋមន្ដ្រីបន្ថែមថា គណៈកម្មាធិការវាយតម្លៃថ្នាក់បណ្ឌិត បានពិនិត្យយ៉ាងម៉ត់ចត់នូវស្មារដៃទាំងឡាយ របស់សម្ដេចក្រឡាហោម និងបានឯកភាពគ្នាជាឯកឆ័ន្ទ សម្រេចនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ថា ស្មារដៃរបស់សម្ដេច ក្នុងផ្នែកអភិវឌ្ឍជនបទ មានលក្ខណៈដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តម និងមានតម្លៃលើសលប់ ទាំងផ្នែកសិក្សា សេដ្ឋកិច្ច និងសង្គម ក្នុងកម្រិតខ្ពស់សម្រាប់ទទួល នូវការប្រគល់ជូនពីសាកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ នូវសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ៕

To Top