ព័ត៌មានជាតិ

អភិបាលរង ខេត្តស្វាយរៀង ជំរុញដល់ស្ថាប័ន ដែលពាក់ព័ន្ធ ចូលរួមសហការជាមួយវិទ្យាស្ថាន ពហុបច្ចេកទេស ភូមិភាគតេជោសែន ស្វាយរៀង កំណត់មុខជំនាញសិក្សា

ស្វាយរៀង ៖ លោកម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានថ្លែងស្នើដល់ស្ថាប័ន ដែលពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការ ជាមួយវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនស្វាយរៀង ក្នុងការកំណត់មុខជំនាញសិក្សា ការអភិវឌ្ឍកម្មវិធីសិក្សា ដើម្បីឱ្យស្របតាម ស្ថានភាពទីផ្សារការងារបច្ចុប្បន្ន និងចូលរួមសហការក្នុងផ្តល់ទីកន្លែងសម្រាប់ឱ្យសិក្ខាកាម សិស្ស-និស្សិត ក្នុងការចុះកម្មសិក្សា ក៏ដូចជាទទួលសិក្ខាកាម សិស្ស-និស្សិត ឱ្យចូលបម្រើការងារ នៅពេលបញ្ចប់ការសិក្សា ។

ការថ្លែងលើកឡើងបែបនេះ របស់លោកម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានធ្វើឡើងខណៈដែលលោក តំណាងលោកម៉ែន វិបុល អភិបាលខេត្តអញ្ជើញ ចូលរួមក្នុងពិធីទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ TVET DAYក្រោមប្រធានបទ “ TVET ផ្តល់ជំនាញ និងការងារសមរម្យ”ធ្វើនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនស្វាយរៀង នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ។
ពិធីនេះមានការចូលរួម ពីលោកមុត ចិន្តានាយកវិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងលោកអនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ជាច្រើនអ្នកផងដែរ។

ជាមួយគ្នានេះលោក ម៉ែន អេង ក៏បានរំលេចថា បើគ្មានថ្ងៃ ៧ មករា១៩៧៩ទេ កុំថាឡើយមានTVETគឺវិស័យផ្សេងៗទៀត ក៏គ្មានការរីកចម្រើន ដូចសព្វថ្ងៃនេះដែរ ។ ទាំងនេះគឺជាការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានធ្វើឲ្យប្រទេសជាតិ រួចចាកផុតពីសង្គ្រាមរ៉ាំរ៉ៃ ប្រែក្លាយជាប្រទេស ដែលមានសុខសន្តិភាព ការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ហើយវិស័យការងារនេះគឺ ជាវិស័យអទិភាពបំផុតរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាព ក្រីក្រជូនប្រជាពលរដ្ឋ ។

លោកបានបញ្ជាក់ថា វិស័យវិនិយោគឯកជន តាមរយៈគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញ និងលើក ទឹកចិត្តចំពោះវិនិយោគិន ជាក់ស្តែងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសកំពុង ដំណើរការ៩កន្លែង និងរោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន ចំនួន ១៩០កន្លែង បានបង្កើតការងារ ធ្វើជូនប្រជាពលរដ្ឋ បានប្រមាណ ៨០,០០០នាក់ ដែលបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និង ការធ្វើចំណាក ស្រុករបស់ប្រជាពលរដ្ឋ ។ ចំពោះវិស័យសេដ្ឋកិច្ច សង្គមកិច្ចផ្សេងៗទៀត ក៏កំពុងមានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់ផងដែរ ។
លោកមុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន បានឲ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង បានដំឡើងកម្រិត និងប្រែក្លាយ ពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ ។
ដោយមានការិយាល័យចំនួន ៥ និងដេប៉ាតឺម៉ង់ចំនួន ៦។ចំពោះសិស្ស និស្សិត កំពុងសិក្សា ឆ្នាំសិក្សា២០២២-២០២៣៖ (តាមកម្រិត និងជំនាញ) សរុបចំនួន ១១២៩នាក់ ស្រីចំនួន ៣១៥នាក់ កម្រិតបរិញ្ញាបត្រ សរុបចំនួន ១៩៦នាក់ ស្រីចំនួន ៣៦នាក់។ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស បរិញ្ញាបត្ររង ៦៣៩នាក់ ស្រីចំនួន ១៧៥នាក់។ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១-៣ ចំនួន ២៤០នាក់ ស្រីចំនួន ១០៤នាក់។

លោកមុត ចិន្តា បានបន្តថា ក្នុងនាមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនស្វាយរៀង លោកពិតជាមានសុទិដ្ឋិនិយម ថានាពេលអនាគតដ៏ខ្លី ខាងមុខ ការផ្លាស់ប្តូរ ឥរិយាបថ របស់ប្អូនៗសិស្ស និស្សិត និងមានការគាំទ្រពីអាណាព្យាបាលដោយចាប់យកជំនាញបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ គឺដើម្បីទទួលបាននូវការងារសមរម្យ លើកកម្ពស់គុណភាពជីវិតរបស់ខ្លួន បង្កើនកម្រិតជីវភាពរបស់ខ្លួន និងរួមចំណែកលើកកម្ពស់ខឿនសេដ្ឋកិច្ចជាតិ ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់ ឬប្រទេសអភិវឌ្ឍន៍៕

To Top