ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ដែលសម្ដេច ទទួលបាននាឱកាសនេះ គឺជាការខិតខំប្រឹងប្រែង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
នាឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នៅទី១៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេច ស ខេង បានឲ្យដឹងថា ការទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ ជាការទទួលស្គាល់ នៃកម្រិតអប់រំខ្ពស់បំផុតរបស់ សាកលវិទ្យាល័យ ត្រូវបានផ្ដល់ជូនដល់ឥស្សរជន និងបុគ្គល ដែលមានកិត្តិយសខ្ពស់ បំផុត និងមានការទទួលស្គាល់ពិសេសចំពោះសមិទ្ធផលសំខាន់ៗ ។
សម្ដេច មានប្រសាសន៍ថា« សញ្ញាបត្របណ្ឌិតកិត្តិយ សផ្នែកអភិវឌ្ឍន៏ជនបទ ដែលរូបខ្ញុំទទួលបាននាឱកាសនេះ គឺពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់រូបខ្ញុំ ហើយនេះក៏ជាមោទនភាពមួយផងដែរ ពីព្រោះគ្រប់យ៉ាង ដែលខ្ញុំបានខិតខំប្រឹងប្រែងគឺដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។ ខ្ញុំពិតជាអរគុណចំពោះការវាយតម្លៃនូវគុណសម្បត្តិរបស់ខ្ញុំទាក់ទងនឹងផ្នែកអភិវឌ្ឍន៍ ជនបទ។ អរគុណនិងមានមោទនភាពជាមួយអ្វីដែលបានកើតឡើងក្នុងជីវិតរយៈពេលជាង ៧០ឆ្នាំមកនេះ»។
ជាមួយនឹងការទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយសនេះ សម្ដេច ស ខេង បានថ្លែងថ្វាយនូវសេចក្ដីថ្លែងអំណរ ព្រះគុណការអរគុណ ថ្វាយព្រះករុណា ព្រះមហាក្សត្រ ក៏ដូចជាសម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គ បានគាំទ្រ ចំពោះការងារ របស់សម្ដេច និងបានផ្ដល់ឱកាសឱ្យសម្ដេច បានបម្រើជាតិ និងបានផ្សារភ្ជាប់ ខ្លួនជាមួយនឹងប្រជាជាតិ។ ទន្ទឹមនេះ សម្ដេច ក៏ថ្លែងអំណរអរគុណ ចំពោះរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលបានប្រគល់ភារកិច្ច ជាប្រធានក្រុមការងារចុះមូលដ្ឋាននៅខេត្តចំនួន២ គឺខេត្តបាត់ដំបង និងខេត្តព្រៃវែង ដែលធ្វើឱ្យសម្ដេចបានរួមចំណែក កសាងសមិទ្ធផលជាច្រើន នៅក្នុងភូមិសាស្ត ខេត្តទាំងពីរនេះ។
ជាមួយគ្នានេះ សម្ដេច ក៏ថ្លែងអំណរគុណចំពោះមន្ត្រីនៅក្នុងជួររាជរដ្ឋាភិបាល កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាមន្ត្រីរាជការនៅទូទាំងប្រទេស បានខិតខំយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស កម្មវិធីកំណ ទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ដើម្បីការអភិវឌ្ឍប្រកប ដោយចីរភាពសម្រាប់ប្រទេសកម្ពុជា និងបានចែករំលែកគុណសម្បត្តិ និងកិត្តិយស ដែលសម្ដេចទទួលបាននេះ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាជន៕